ប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង!


ស្ទឹងត្រែងៈលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូល ដោយសមាជិកសង្គហមិត្ត បុគ្គលិក មន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក សេង ម៉ៅ ប្រធានមន្ទីររតនាគារខេត្ត និងនិវត្តជន បុគ្គលិក មន្ត្រីរាជការ ។
លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានថ្លែងអំណរគុណដល់និវត្តជន ចំពោះការចងចាំជានិច្ចនូវគុណបំណាច់ និងស្នាដៃ ដែលធ្លាប់បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាសន្តិសុខសុវត្ថិភាពបានល្អប្រសើរ ក្នុងកាល:ទេស:ដ៏លំបាករហូតទទួលបានសន្តិភាពពេញលេញមកដល់សព្វថ្ងៃនេះ។
លោកបានបន្តថា ភាពកត្តញ្ញូចំពោះ វីរៈភាព របស់រៀមច្បងក្នុងបុព្វហេតុ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ គឺជាមោទនភាពរបស់និវត្តជន ដែលត្រូវទទួលបាននូវភាពកក់ក្ដៅ និងកិត្តិយសពីអ្នកបន្តវេន។ ផ្លែផ្កានៃវឌ្ឍនភាពដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចុប្បន្ននេះ គឺពិតជាលទ្ធផលដែលមិនអាចកាត់ផ្ដាច់បានពីគុណតម្លៃ នៃអ្នកត្រួសត្រាយផ្លូវបានឡើយ។
លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ មានប្រសាសន៍ថានិវត្តជន គឺជានិម្មិតរូបនៃការអភិវឌ្ឍជាតិ រៀមច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងកាលពីអតីតកាលទើបមានថ្ងៃនេះ ។
លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និង ការនឹករលឹក របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែផ្ដល់ការឧបត្ថម្ភគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ សំភារៈ ស្មារតី ជូនដល់និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *