(ខេត្តកែប)៖ សំណង់ដែលសង់ រំលោភចូលមាត់សមុទ្រ និងព្រែក ស្ថិតក្នុងភូមិសាស្ត្រ ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានអាជ្ញារធរក្នុងតំបន់ ចាត់វិធានការដ៏ក្តៅគគុក គិរុះរើចេញ ក្រោមបញ្ជារបស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ការរុះរើសំណង់ជាច្រើន ដែលរំលោភចូល ដីសាធារណ:របស់រដ្ឋនេះ ស្ថិតតាមបណ្តោយ មាត់សមុទ្រ ចំណុចស្រែយុល ក្នុងភូមិសាស្ត្រ ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ដោយមានការចូលរួម ពីកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមានកិច្ចសហការ ពីកម្លាំងអន្តរាគមនៃ ស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងការពារ ព្រំដែនទឹកវរៈ៤៣០ ប្រចាំខេត្តកែប រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងនោះកម្លាំងចម្រុះ បានចុះទៅដល់ទីតាំងទី១ ដោយម្ចាស់ទីតាំង យកគ្រឿងចក្រមក រុះរើដោយខ្លួនឯង ហើយបានស្ទូចយកខ្ចុះឈើ ចេញចំនួន០២ខ្នង និងបន្តរុះរើថែមទៀត។ ជាមួយគ្នានោះ ទីតាំងទី២ បានរុះរើសំណង់ផ្ទះឈើ១ខ្នង បាំងជញ្ជាំងក្តា ទំហំ(3mx4m) កម្ពស់២ជាន់ ដែលបានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតចូលក្នុងទឹកព្រែកពីសំណាក់ជនឆ្លៀតឱកាស និងមិនស្គាល់អត្តសញ្ញាណ នៅចំណុចស្ពានអូរកញ្ឆែត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយក្រុមការងារ បានរុះរើសម្ភារ:ឈើ និងកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង។
បើតាមការបញ្ជាក់ពីលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ប្រតិបត្តិការនេះនឹង បន្តដូចភ្លៀងរលឹម ដោយមិនអនុញ្ញាត អោយមានការទន្ទ្រាន យកដីសាធារណៈមកធ្វើ ជាកម្មសិទ្ធឯកជនបានឡើយ៕ ដោយលោក សេង ណារិទ្ធ