ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញប្រកាស តែងតាំងអភិបាលរងថ្មី នៃខេត្តកែប

(ខេត្តកែប)៖ លោក ញ៉ន សិទ្ធ បានប្រកាសតែងតាំង ជាអភិបាលរងខេត្តកែប ជំនួសលោក ងិន ងិនដា ត្រូវបានផ្លាស់ទៅកាន់តំណែង ជាអភិបាលរងខេត្តតាកែវ។

ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅ សាលប្រជុំសាលាខេត្តកែប នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយប្រតិភូអមដំណើរ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត  ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រិក្សាខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក កងកំលាំងប្រដាប់ អាវុធទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលខេត្តកែប បានឡើងមានមតិស្វាគមន៍ និងបានអបអរសាទ ការប្រកាសចូលកាន់មុខ តំណែងអភិបាលរងនាថ្ងៃនេះ ហើយលោកសង្ឃឹមថា មន្រ្តីដែលប្រកាសចូល កាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុស ត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួម ចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកែបឲ្យ កាន់តែមានការរីក ចម្រើនថែមទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកែបទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នាខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការ អនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញ ការអភិវឌ្ឍខេត្តឲ្យមានការ រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។

ឯកឧត្តមក៏បានបានផ្ដាំផ្ញើ លោកអភិបាលរងថ្មី ដែលទើបទទួលការ តែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរ ការអភិវឌ្ឍន៍ខេត្តកែប ឲ្យមានការរីកចម្រើនបន្ថែមទៀត៕ រាយការណ៍ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *