ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមថ្លែងបែបនេះគឺបានធ្វើឡើងនៅក្នុងការអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា”ឥឡូវនេះទីតាំង យើងបានដឹងទាំងអស់គ្នាហើយថា នៅក្នុងខេត្តស្ទឹងត្រែងរបស់មាន៤៩ទីតាំងនៃការដាក់ឲ្យមានលេងល្បែង មានល្បែងឆ្នោតផង Onlineផង ជល់មានធម្មតាផង ហើយការលេងជល់មាន់នេះ លេងជល់មានធម្មតាខ្លាចគេចាប់ ឥឡូវបែជាមកជល់មានតាមOnlineទៀត “។
ឯកឧត្តមបន្តថា”ការលេងល្បែងនេះជាពិសេសល្បែងOnlineយើងលែងមិនឈ្នះកំព្យូទ័រទេ ហើយល្បែងតាមការស៊ីណូជាប្រភេទល្បែងដែលគេយកលុយអ្នកមាន ប៉ុន្តែប្រភេទល្បែងលេងតាមផ្ទះ កន្ទុយលេខ ឆ្នោត ឡូតូ និងប្រភេទល្បែងOnlineនេះ វាធ្វើឲ្យមានភាពក្រីក្រនៅក្នុងគ្រួសារ”។
ឯកឧត្តម អភិបាលខេត្តសង្កត់ធ្ងន់ថាប្រសិនយើងមិនទប់ស្កាត់ករណីទាំងអស់នេះ (ល្បែងស៊ីសង ចោរកម្ម និងគ្រឿងញៀន) ឲ្យបានទាន់ពេលវេលាទេនៅក្នុងសង្គមនេះនិងសំបូរបែបទៅដោយចោរ អញ្ជឹងសូមមន្ត្រីឯកសណ្ឋានទាំងអស់ដែលស្ថិតនៅក្រោមគណៈបញ្ជាការឯកភាពពង្រឹងឡើងវិញ។ហើយសូមព្រមានចំពោះមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ដោយឯកឧត្តអភិសន្តិបណ្ឌិត បានណែនាំរួចហើយ ត្រូវដកខ្លួន និងបញ្ឈប់ឲ្យទាន់ ប៉ុន្តែប្រសិនមិនព្រមឈប់ទេ ទោះជាស័ក្កិប៉ុណ្ណា តួនាទីប៉ុណ្ណា ក៏ខ្ញុំដកដែរ”។
ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់បន្ថែមថានៅទូទាំងខេត្តស្ទឹងត្រែងមានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណនេះនិងផុតកំណត់នៅក្នុងឆ្នាំ២០២៦ ហើយអាជ្ញាប័ណរបស់ឆ្នោតនេះឲ្យអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ក្រុងទេ ហើយប្រសិនបើឃើញអាជ្ញាប័ណ្ណនេះទៅអនុវត្តនៅស្រុកផ្សេងៗ អាជ្ញាធរស្រុកត្រូវចាប់ឲ្យបាន។samneang