(ខេត្តកែប) ពលរដ្ឋរស់នៅក្នុងភូមិអង្កោល នៃទឹកដីខេត្តកែប បានប្រាប់ឲ្យដឹងថា ពួកគាត់កំពុងមមាញឹក ប្រមូលផលគី ដើម្បីយកមកធ្វើកា ពិតាមបែបប្រពៃណី។ ការធ្វើកាពិជាមុខរបរសំខាន់ មួយរបស់ប្រជានេសាទ សមុទ្រតាំងពីដើមមក ព្រោះកាពិជាគ្រឿង ផ្សំសំខាន់សម្រាប់បន្ថែម ឱជារសទៅលើមុខម្ហូបអា ហារ ជាពិសេស បុកល្ហុង និងសម្រាប់ ទទួលទានជាមួយម្ជូរ តែម្តង។ ក្នុងកាពិមួយគីឡូ គេអាចលក់បានក្នុងតម្លៃ ១២.០០០រៀល ទៅ ២០.០០០រៀល រីឯគីស្រស់សម្រាប់ យកមកធ្វើកាពិលក់បាន ៣.៥០០រៀល ទៅ ៥.០០០រៀល។
អ្នកស្រី មាស មុន និងអ្នកភូមិដទៃទៀត រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់ឲ្យដឹងថា ជាង ១សប្តាហ៍ហើយ ពួកគាត់អាចប្រមូល ផលគីបានដើម្បីយកមកធ្វើកាពិ។ អ្នកស្រីបញ្ជាក់ថា គីជាប្រភេទសត្វ សមុទ្រម្យ៉ាងមានសណ្តាន ស្រដៀងកូនកំពិសទឹកសាប តែមិនមែនជាកូនបង្គាទេ។ ពលរដ្ឋខេត្តកែប ប្រើឧបករណ៍ឈិបរុញ ដើម្បីចូកយកសត្វគី នៅតាមតំបន់ឆ្នេរទឹករាក់ ដោយក្នុងមួយថ្ងៃ គេអាចរកគីបានចន្លោះ ២០ ទៅ៣០គីឡូ។ ពលរដ្ឋខាងលើនេះថា គីត្រូវបានគេយកទៅធ្វើកាពិ ហើយខ្លះក៏យកធ្វើ ជាចំណីសត្វផងដែរ។ ប៉ុន្តែសម្រាប់អ្នកភូមិ អង្កោលប្រមូលផលគី ដើម្បីយកធ្វើកាពិទាំងអស់។
អ្នកស្រីបានបញ្ជាក់ទៀតថា កាពិងាយស្រួលធ្វើ ដោយគ្រាន់តែរើស និងលាងគីឲ្យស្អាត យកទៅហាលថ្ងៃឲ្យស្ងួត រួចយកមកបុកលាយអំបិល និងស្ករត្នោត ឲ្យហ្មត់ជាការស្រេច។ កាពិជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់ពលរដ្ឋនៅខេត្តជាប់មាត់សមុទ្រ គេអាចយកកាពិច្នៃជាមុខម្ហូប និងជាគ្រឿងផ្សំ ដូចជា កាពិផាវ ទឹកជ្រលក់ បុកល្ហុង បុកក្តាមប្រៃ បុកមី ជាដើម។ល។ ការធ្វើកាពិ ចេះតពីដូនតាមក ហើយបច្ចុប្បន្ននៅតែបន្តធ្វើកាពិធម្មជាតិតាមបែបប្រពៃណីដដែល ដោយក្នុង១រដូវ គ្រួសារខ្លះអាចធ្វើកាពិបាន ២ទៅ៣តោន សម្រាប់លក់ទៅឲ្យឈ្មួញ ក្នុងតម្លៃចន្លោះ ១២.០០០ ទៅ ២០.០០០រៀលក្នុងគីឡូក្រាម។
នាយរងខណ្ឌរដ្ឋបាល ជលផលខេត្តកែប លោក ភឺន ផល្លា បានប្រាប់ឲ្យដឹងថា ជាទូទៅគេមិនអាចនេសាទគីបានរាល់ថ្ងៃនោះទេ រដូវប្រមូលផលគី មានតែបីទៅបួនខែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺចាប់ពីចុងខែមិថុនា ដល់ខែកញ្ញា។ ហើយចំពោះការធ្វើកាពិ របស់ពលរដ្ឋខេត្តកែប គឺមានគុណភាព និងអនាម័យល្អជាងមុន តែនៅត្រូវការបណ្តុះបណ្តាល បន្ថែមពីអ្នកជំនាញ។
យ៉ាងណាលោកជំរុញឲ្យពលរដ្ឋ ត្រូវទទួលការបណ្តុះ បណ្តាលបន្ថែមពីមន្រ្តីជំនាញ ពីការពង្រឹងអនាម័យ ក្នុងការផលិត និងរបៀបវេចខ្ចប់ជាដើម ដើម្បីអាចយកផលិតផល ប្រចាំតំបន់មួយនេះវាយ លុកលើទីផ្សារបាន។
ខេត្តកែប មានសហគមន៍នេសាទចំនួន៥ និងមានតំបន់អភិរក្ស សមុទ្រនៅតំបន់ប្រជុំកោះផងដែរ ធ្វើឲ្យផលនេសាទខេត្តកែប មានការកើនឡើង បន្តិចបន្តួចរាល់ឆ្នាំ។ ជាក់ស្តែងសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ខេត្តអាចប្រមូលផលនេសាទបាន ២.៧០០តោន ដោយមិនបានរាប់បញ្ចូល ចំនួនផលនេសាទ គីនៅឡើយទេ៕ ដោយលោក សេង ណារិទ្ធ