(ខេត្តឧត្តរមានជ័យ)៖ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ បន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈ មិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាត ឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ការចុះឆែកឆែរតាម បន្ទប់ឃុំឃាំងក្នុង ពន្ធនាគារនេះ មានគោលដៅពង្រឹង សន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពាន សិទ្ធិអ្នកជាប់ឃុំដូចការ លើកឡើងរបស់សង្គម ស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួង មហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅ នឹងការអត្ថាធិប្បាយរបស់ សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន ដែលបែរជាយល់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ ក្នុងពន្ធនាគារនេះ ថាជាការបំពាន សិទ្ធិអ្នកជាប់ឃុំទៅវិញ។
ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធដែល ធ្លាប់មានអ្នកជាប់ ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅ ខាងក្រៅឱ្យប្រព្រឹត្តបទល្មើស ជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ ណែនាំជារួមទៅកាន់ អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុតលើការងារពង្រឹង សន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួត ពិនិត្យឱ្យបានម៉ត់ចត់ រាល់ការនាំចូលម្ហូបអាហារ និងសម្ភារៈផ្សេងៗ និងការពង្រឹង ភាពស្អាតស្អំរបស់ មន្រ្តីនៅខាងក្នុង។
ពីវេទិកាអធិបតីនៃពិធី ប្រកាសចូលកាន់មុខ តំណែងអភិបាល ខេត្តឧត្តរមានជ័យ នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ ណែនាំឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើជួញដូរមនុស្ស សុវត្ថិភាពចរាចរណ៍ ជាពិសេសពិនិត្យ លទ្ធភាពឈានទៅកាត់ បន្ថយការផ្សព្វផ្សាយ គ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងសុវត្ថិភាពចំណីអាហារ រួមទាំងអាហារសម្រាប់ កុមារតាមសាលារៀន ខិតខំទាក់ទាញការវិនិយោគ ពង្រីកសក្ដានុពល ទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរជាប់ ព្រំដែននៃប្រទេសថៃ៕