(ភ្នំពេញ)៖ «អ្នកប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យ តាមលំនៅឋានធម្មតា នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ដែលមានប្រមាណ៩៥ភាគរយ នឹងមិនជាប់ព័ន្ធពាក់នឹង កាតព្វកិច្ចធ្វើស្វ័យ ប្រកាសដំឡើង និងប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យ លើដំបូលឡើយ»។ នេះជាការអះអាងរបស់ថ្នាក់ដឹក នាំជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។
សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងរួមគ្នាដោយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បន្ទាប់ពីមានការ ព្រួយបារម្ភរបស់ ប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់ប្រព័ន្ធពន្លឺ ព្រះអាទិត្យតាមផ្ទះ ជុំវិញបញ្ហានេះនៅ លើបណ្តាញសង្គមថ្មីៗនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការ ប្រចាំការក្រសួងរ៉ែ និងថាមពល បានបំភ្លឺ និងពន្យល់ថា៖ «ក្នុងគោលនយោបាយ តែងគិតគូរដល់ ប្រជាពលរដ្ឋពាក់ព័ន្ធថ្លៃ គ្រាន់ចង់បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ យើងធម្មតាមិនប៉ះពាល់អីទេ គឺថាអត់មានការបង់ថ្លៃ ហើយអាចនិយាយបានថា គ្របដណ្ដប់ប្រមាណ តែ៩៥% នៃអ្នកប្រើប្រាស់តាម លំនៅឋានទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ៩៥ភាគរយ អត់មានប៉ះពាល់អីទេ»។
ដោយឡែក ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា៖ «បទបញ្ញត្តិពីការដំឡើង និងប្រើប្រាស់ ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូល ត្រូវបានចាប់អនុវត្តពីខែមីនា ឆ្នាំ២០២៤ ហើយដើម្បីឈាន ទៅអនុវត្តគោលការណ៍ គ្រប់គ្រងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាម ពលពន្លឺព្រះអាទិត្យនេះ ហើយអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្ដីជូនដំណឹង ម្តងរួចហើយកាលពីខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យអ្នកប្រើប្រាស់ ប្រព័ន្ធពន្លឺព្រះអាទិត្យ ទាំងអស់មកធ្វើស្វ័យប្រកាស។ ប៉ុន្តែក្រោយសេចក្ដីជូនដំណឹងនេះ មានតែ៩៤នាក់ប៉ុណ្ណោះ ដែលមកធ្វើស្វ័យប្រកាស ខណៈនៅមានចំនួនច្រើនទៀត មិនបានមកធ្វើស្វ័យ ប្រកាសសុំការអនុញ្ញាត»។
ឯកឧត្តន យឹម វិសិដ្ឋ បន្ថែមថា ដូច្នេះហើយទើប អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើសេចក្ដីជូនដំណឹង ជាថ្មីម្ដងទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលជាការរម្លឹកដល់ អ្នកប្រើប្រាស់ទាំងនោះឱ្យ មកធ្វើស្វ័យប្រកាសពីការ ប្រើប្រាស់ថាមពលពន្លឺ ព្រះអាទិត្យរបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «មិនមានអ្វីប៉ះពាល់ដល់ពលរដ្ឋ ឬជាការកៀបសង្កត់ដាក់បន្ទុកបន្ថែមដល់ប្រជាពលរដ្ឋឡើយ កុំមានការភាន់ច្រឡំ។ ផ្ទុយទៅវិញ គោលការណ៍ដែលអនុវត្តពេលនេះ សម្រាប់តែអ្នកដែលដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ហើយភ្ជាប់ប្រព័ន្ធ ប្រើប្រាស់ពីបណ្ដាញ ផ្គត់ផ្គង់ជាតិប៉ុណ្ណោះ។ ចំណែក ប្រព័ន្ធប្រើប្រាស់ដាច់ដោយឡែក ដូចជា អំពូលសូឡាបំភ្លឺសាធារណៈ ឬបណ្ដាញ ប្រើប្រាស់តាមផ្ទះដោយ ពន្លឺព្រះអាទិត្យ និយាយជារួមប្រភេទ លំនៅឋានទូទៅធម្មតា មិនតម្រូវឱ្យធ្វើស្វ័យ ប្រកាសនោះទេ។ ហើយលំនៅឋានដែលដំឡើង ប្រព័ន្ធសូឡា មិនលើសពី១០គឺឡូវ៉ាត់ (ប្រមាណ៥០អំពែ) មិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់»៕