ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សខា បានរួមចំណែកផ្ដល់ ភាពកក់ក្ដៅផ្នែកសេវា សុខភាពជូនពលរដ្ឋ ស្របតាមនយោបាយ សម្ដេចធិបតី!

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល ខ្លីជាមួយប្រជាពលរដ្ឋប្រមាណ ២០០០នាក់ ដែលមកទទួលសេវា ពិនិត្យ និងព្យាបាលជំងឺពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដោយឥតគិតថ្លៃ នៅស្រុកស៊ីធរកណ្ដាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បេសកកម្មរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ ក៏មិនខុសពីកន្លងមកដែរ គឺដើម្បីចូលរួមចំណែក ផ្ដល់ភាពកក់ក្ដៅជូន ប្រជាពលរដ្ឋលើផ្នែក សេវាសុខភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាស វៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្ជាប់នឹងគោលនយោបាយ សម្ដេចធិបតីប្រមុខ រាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតការយក ចិត្តដាក់ទៅលើវិស័យ អាទិភាពមួយចំនួន បន្តពីយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិមុន ក្នុងនោះគោលនយោបាយ អាទិភាពទី១ គឺការពង្រីក សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្រប ដណ្តប់សុខភាពជាសកល។

ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ រួមទាំងពង្រឹងគុណភាព ព្យាបាលនៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលជាចំណុច សំខាន់ដើម្បីផ្តល់ សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តលោកយាយ លោកតា ពុកម៉ែ អ៊ុ មីងមា និងបងប្អូនប្រជាពលរដ្ឋ លើកកម្ពស់សុខុមាល ភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត  និងត្រូវតាមដាន ត្រួតពិនិត្យសុខភាពជាប្រចាំ។

ជាមួយគ្នានេះឯកឧត្តម ក៏បានរម្លឹកជូនប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃ ការអនុវត្តរបស់អាជ្ញាធរ និងការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដូចជា៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មាន គ្រោះថ្នាក់ចរាចរណ៍ដែលសុទ្ធតែ ពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិង ព្យាបាលរបួសជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *