(ខេត្តបន្ទាយមានជ័យ)៖ ពិធីទទួលស្វាគមន៍ ដំណើរការប្រតិបត្តិការ សាកល្បងចេញ-ចូល នូវក្បួនរថយន្តដឹកទំនិញ និងប្រតិភូដឹកជញ្ជូន នៃប្រទេសមហាអនុតំបន់មេគង្គ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គណៈប្រតិភូ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមការងារមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្ត ក្រុង រួមនិងមន្ត្រីជំនាញជុំវិញច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ធ្វើពីធីទទួលស្វារគមន៍ ដំណើរការប្រតិបត្តិការសាកល្បង ចេញ-ចូល នូវក្បួនរថយន្តដឹកទំនិញ និងប្រតិភូដឹកជញ្ជូន នៃប្រទេសមហាអនុតំបន់មេគង្គ។
លោក វរសេនីយ៍ឯក ឆោម ភ័ព្វ នាយប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រកទ្វារ អន្តរជាតិស្ទឹងបត់ បានប្រាប់ឲ្យដឹងថា៖ នៅព្រឹកនេះ គណៈប្រតិភូ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមការងារមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្ត ក្រុង រួមនិងមន្ត្រីជំនាញជុំវិញច្រក បានធ្វើពិធីទទួលស្វារគមន៍ និងសម្របសម្រួល លើការអនុវត្តការប្រមូលផលដំបូង នៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្រមខ័ណ្ឌមហាអនុវតំបន់មេគង្គ បណ្តាលប្រទេសជាសមាជិក សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីរៀបចំពិធី ការសាកល្បងនៃ ប្រតិបត្តិការដឹកជញ្ជូន ទំនិញឆ្លងកាត់ព្រំដែន ក្នុងក្រមខ័ណ្ឌនៃកិច្ចព្រមព្រៀងEH CBTA។
លោក នាយប៉ុស្តិ៍បានបញ្ជាក់ថា៖ ក្បួនរថយន្តដឹកទំនិញចំនួន៥គ្រឿង និងរថយន្តប្រតិភូចំនួន ២គ្រឿង ដែលចាប់ផ្តើមចេញដំណើរពីទីក្រុង គុនមីងប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងធ្វើដំណើរបន្តទៅរាជធានីភ្នំពេញ៕