(ខេត្តឧត្តរមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ សហការជាមួយ កម្លាំងកងរាជអាវុធត្ថហត្ ថខេត្តសៀមរាបស្រាវជ្រាវនិងឃាតខ្លួន បានជនសង្ស័យ២នាក់ពាក់ព័ន្ធករណី ប្លន់សម្លាប់ថៅកែគ្រឿងសំណង់ ម្នាក់នៅខេត្តឧត្តរមានជ័យ។
ការចុះបង្ក្រាបជន សង្ស័យទាំង២នាក់ ខាងលើនេះធ្វើឡើង កាលពីព្រលប់ថ្ងៃ ទី២៦ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យ ព្រហ្មទណ្ឌអាវុធហត្ថ ខេត្តសៀមរាប និងមូលដ្ឋាន អាវុធហត្ថ ស្រុកប្រាសាទបាគង សហការជាមួយកម្លាំង ព្រហ្មទណ្ឌកងរាជ អាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាកាអាវុធ ហត្ថខេត្តសៀមរាប និងដោយមានការ សម្របសម្រួលពី ឯកឧត្តម មាសចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ទ្រី សុជា ភេទស្រីអាយុ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិលលៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី២ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញ ដកហូតវត្ថុតាងបាន រួមមាន១-លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ ២-ទូរសព្ទ០២គ្រឿង ៣-លោហធាតុពណ៌ លឿងចិញ្ជៀន០២វង់ ៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។
បច្ចុប្បន្នការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាងប្រគល់ជូន ការិយាល័យជំនាញ អាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់។
សូមជម្រាបផងដែរថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់សម្លាប់ វេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ដេប៉ូលក់គ្រឿង សំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ៕