(ខេត្តបន្ទាយមានជ័យ)៖ មានករណីជំលោះ ក្នុងវង់ផឹកស៊ី ខឹងទប់កំហឹងមិនបាន យកកាំបិតចិត បន្លែចាក់ទៅលើគូទំនាស់ ចំពោះបណ្តាល ឲ្យរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីកើតហេតុហើយ ប្រជាពលរដ្ឋរស់នៅ ក្បែរនោះបានរាយការណ៍ ទៅកំលាំងអាវុធហត្ថឲ្យ ចុះមកធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាករមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មាន អោយដឹងថា ពេលទទួលបានព័ត៌មានហើយ លោកបានដឹកនាំ កំលាំងអាវុធហត្ថ១ក្រុម ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ១នាក់មាន ឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
និងវត្ថុតាងកាំបិតកែច្នៃដងជ័រ ប្រវែង៣៥សង់ទីម៉ែត្រចំនួន១ដើម ហើយនាំមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងបន្តថា នៅមុនកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ឈ្មោះ ព្រុំ ជឿន ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានគ្នាផឹក ស៊ីនៅបន្ទប់ខ្លួន ពេលស្រាចូលពោះរាងខ្លួន ក៏កើតមានជម្លោះនិងគ្នា ដោយសារនិយាយគ្នាមិនត្រូវ ជនសង្ស័យបាន យកកាំបិតចិតបន្លែ ក្នុងរោងបាយចាក់ទៅលើ ជនរងគ្រោះចំពោះលិច បណ្តាយឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យ ដឹកយកទៅសង្គ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
តាមចម្លើយ ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានយក កាំបិតចាក់ទៅលើ ជនរងគ្រោះចំពោះបណ្តាល ឲ្យរងរបួសពិតប្រាកដ មែនព្រោះមានទំនាស គ្នាក្នុងវង់ផេកស៊ី ។
ជនសង្ស័យវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប បទល្មើសបានឲ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះដោយបាន ការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕