(ខេត្តកែប)៖ ជាការពិតណាស់ ការរស់នៅប្រកប ដោយអនាម័យ មានបរិយាកាសល្អ នឹងបានធ្វើអោយជីវិតមានភាពស្រស់ស្រាយ សុខភាពល្អ មានសុភមង្គល។
យ៉ាងណាមិញ ឆ្នេរអង្កោលដែលជា រមណីយដ្ឋានស្ថិតក្នុង អាណាចក្រខេត្តកែប បាននិងកំពុងមានភាព លេចធ្លោ ខណ:ក្រុមអាជីវករលក់ដូរ និងភ្ញៀវទេសចរ កាន់តែយល់ដឹង ពិសេសចូលរួមសម្អាតបរិស្ថាន ដូចជាការទុកដាក់ កាកសំណល់សេសសល់ និងសំរាម បានត្រឹមត្រូវ ដោយមិនបោះចោល រប៉ាត់រប៉ាយដូចមុនៗ ទៀតឡើយ។
គេនៅចាំបានដែរថា កាលពីពេលកន្លង ទៅតំបន់រមណីយដ្ឋាន ឆ្នេរអង្កោលនេះ តែងតែមានសំរាមដែល លាយឡំគ្នាជាមួយស្លឹក រុក្ខជាតិគ្រប់ប្រភេទ បានរសាត់អណ្តែត តាមផ្ទៃទឹកសមុទ្រ មកកកកុញនៅនឹងមាត់ ឆ្នេរអង្កោលជានិច្ច ប៉ុន្តែនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំខេត្តកែប បានជំរយញដល់មន្ទីរ ជំនាញបានធ្វើកម្មវិធីស្តី ពីការអនាម័យសម្អាតបរិស្ថាន ដោយសហការជា មួយអាជ្ញាធរក្នុងតំបន់ រួមនិងអាជីវករ ធ្វើការសម្អាតប្រមូលសំរាម កាកសំណល់ច្រក ថង់ប្លាស្ទិកគរទុកមួយកន្លែងៗ រួចដឹកតាមរថយន្តយក ទៅទីតាំងទុកដាក់ កាកសំណល់យ៉ាងត្រឹមត្រូវ។
ដោយសារឆ្នេរអង្កោល កាន់តែមានភាព ទាក់ទាញបែបនេះ មហាជនភាគច្រើន មកពីបណ្តាខេត្តឆ្ងាយ ពិសេសអ្នកនៅ រាជធានីភ្នំពេញ បាននាំគ្នាធ្វើដំណើរ មកលេងកំសាន្ត នៅមាត់ឆ្នេរអង្កោល កាន់តែច្រើនឡើងៗ មិនសំដោលើថ្ងៃ សៅរ៍ឬថ្ងៃអាទិត្យនោះឡើយ។
ជាមួយគ្នានេះ នៅរមណីយដ្ឋានឆ្នេរអង្កោល ក៏មានលក់អាហារគ្រឿងសមុទ្រ គ្រប់ប្រភេទ ស្រស់ៗមានរសជាតិឆ្ងាញ់ មិនចាញ់អាហារគ្រឿងសមុទ្រនៅ មាត់ឆ្នេរកែបនោះឡើយ ហើយតម្លៃសមរម្យ អាចទទួលយក បានទៀតផង។
ដូច្នេះបើបងប្អូនមាន បំណងចង់ទៅ ស្រូបយកខ្យល់ អាកាសដ៏បរិសុទ្ទ ប្រកបដោយបរិយាកាសល្អ ខ្យល់បក់ត្រជាក់ស្រួល សូមធ្វើដំណើរឆ្ពោះទៅលេង លំហែ នៅមាត់ឆ្នេរអង្កោល ដែលមានចម្ងាយពី រមណីយដ្ឋានឆ្នេរកែប ប្រមាណ៩គ.ម ដោយធ្វើដំណើរតាម ផ្លូវប្របមាត់សមុទ្រ ដែលទើបតែស្ថាបនារួចរាល់ ដែលមានទំហំធំ ទូលាយងាយស្រួលធ្វើដំណើរ ដោយនៅអមសង ខាងផ្លូវគ្របដណ្តប់ ដោយទេសភាពព្រៃ កោងកាងយ៉ាង ស្រស់បំព្រង៕ ដោយលោក សេង ណារិទ្ធ