ស្ទឹងត្រែង៖ លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថាចលនាភូមិមួយ ផលិតផល មួយ មានសារៈប្រយោជន៍សំខាន់ដល់ការអនុវត្តគោលនយោបាយជាតិស្តីពីភូមិមួយផលិតផលមួយ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។
លើកឡើងក្នុងឱកាសដឹកនាំកិច្ចជ្រុំគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ នៅសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៣ នេះ លោក យឹមផែន អភិបាលរងខេត្តបានថ្លែងថា នៅក្នុងឆ្នាំ២០២៤នេះ យើងត្រូវពង្រឹងការអនុវត្តចលនាភូមិមួយផលិតផលមួយឡើងវិញក្រោយមានការរាំងស្ទះមួយរយៈពេលខ្លីកន្លងមកដោយសារការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្តនិងរាជរដ្ឋាភិបាលថ្មី។
លោក អភិបាលរងខេត្តបន្តថា ចលនាភូមិមួយ ផលិតផលមួយ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានបង្កើតការងារនៅនឹងកន្លែង កាត់បន្ថយចំណាកស្រុក កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះយើងត្រូវបន្តអនុវត្តកិច្ចការងារនេះដោយប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានាដើម្បីរៀបចំផែនការ និងដាក់ចេញនូវសកម្មភាពអន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍ធ្វើការណែនាំ ផ្សព្វផ្សាយនិងពន្យល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យយល់ច្បាស់ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមក្នុងការងារជំរុញចលនាភូមិមួយផលិតផលមួយ។
លោក ប៉ែន ជិនយុទ្ធា នាយករងរដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថាកន្លងមកនៅក្នុងខេត្តស្ទឹងត្រែងមានផលិតផលចំនួន៥០មុខត្រូវបានស្នើរសុំចុះបញ្ជីជាផលិតផលភូមិមួយផលិតផលមួយ ប៉ុន្តែមានតែផលិតផលចំនួន៥ មុខប៉ុណ្ណោះដែលត្រូវបានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយទទួលស្គាល់។
លោក នាយករងរដ្ឋបាលខេត្តបញ្ជាក់ថាផលិតផលទាំង៥មុខរបស់ខេត្តស្ទឹងត្រែងដែលបានចិះបញ្ជីទទួលស្គាល់ជាផ្លូវការពីសំណាក់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរួមមាន ផលិតផលក្រូចឆ្នា ស្រុកបរីអូស្វាយសែនជ័យ ស្វាយចន្ទីស្ទឹងត្រែង ណែមសាច់ត្រី ស្ពានថ្ម អន្សមឆ្ងាញ់ស្ទឹងត្រែង រម្មណីយដ្ឋានបក្សីមេគង្គ សង្កាត់សាមគ្គី និងស្ទឹងត្រែងរីសត សង្កាត់សាមគ្គី ៕