(ខេត្តកែប)៖ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី កិច្ចការព្រំដែន ជូនមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ក្នុងខេត្តកែប ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ សិក្ខាសាលានេះរៀបចំឡើង ដដោយរដ្ឋបាលខេត្តកែប សហការជាមួយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរូមពីសំណាក ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងកម្លាំងទាំង៣ ប្រធាន អនុប្រធានអង្គភាពពាក់ជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ សិស្សនិស្សិត និង អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
មានប្រសាសន៍ស្វាគមន៍ ជូនអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ខេត្តកែប ពុំមានព្រំដែនគោកជាប់ជាមួយ ប្រទេសជិតខាងនោះឡើយ មានតែតំបន់ទឹក ប្រវត្តិសាស្រ្តកម្ពុជា-វៀតណាម ដែលស្ថិតនៅប៉ែក ខាងត្បូងនៃភូមិសាស្រ្តខេត្ត។ ឯកឧត្តម បន្ថែមទៀតថា ដើម្បីថែរក្សាសន្តិសុខ នៅលើលម្ហសមុទ្រ តំបន់ទឹកប្រវត្តិសាស្រ្តកម្ពុជា វៀតណាម កម្លាំងនគរបាលការពារព្រំដែនទឹកវរៈសេនាតូចលេខ ៤៣០ប្រចាំខេត្តកែប រួមជាមួយនឹងកម្លាំង ស្នាក់ការប៉ុស្តិ៍របស់គណៈ កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឈរជើងលើកោះពោធិ៍ តែងតែទំនាក់ទំនង និងល្បាតជាប្រចាំ ដើម្បីឃ្លាំមើលសកម្មភាពផ្សេងៗ និងទប់ស្កាត់ បង្រ្កាបរាល់បទល្មើសនានា នៅលើផ្ទៃសមុទ្រ។
ក្នុងឱកាស បើកអង្គសិក្ខាសាលានា ពេលនោះដែរ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានកិច្ចការព្រំដែន បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដែលបានផ្តល់កិច្ចសហការ និងជួយសម្របសម្រួល ជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីរៀបចំកម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពិការកិច្ចការព្រំដែន ដែលមានសារៈសំខាន់ នាពេលនេះប្រកបដោយភាពរលូន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ជូនផងដែរថា កន្លងមកកិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ត្រូវបានដឹកនាំ និងគ្រប់គ្រងដោយអាជ្ញាធរ ទទួលបន្ទុកកិច្ចការព្រំដែន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រធាន និងមានលេខា ធិការដ្ឋាន អចិន្ត្រៃយ៍មួយដែលជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា គឹមហុង អតីតទេសរដ្ឋមន្ត្រី ដោយឡែកក្នុងអាណតិ្តទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រម្ពុជា បានសម្រេចបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធពេញលេញ ជំនួសឲ្យអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ទីស្ដីការគណ:រដ្ឋមន្រ្តី។
ឯកឧត្តម បន្តទៀតថា ជាការពិតណាស់ កិច្ចការព្រំដែន ដែលជាកិច្ចការមានសារៈសំខាន់បំផុត និងជាអាយុជីវិតរបស់ជាតិ ហើយក៏ជាកិច្ចការមានអាទិភាពបំផុតមួយក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ហើយលោកសង្ឃឹមថា អង្គសិក្ខាសាលានេះ និងផ្តល់ការយល់ដឹងបន្ថែមអំពីការងារកិច្ចការព្រំដែន៕ ដោយលោក សេង ណារិទ្ធ