(ខេត្តងព្រះសីហនុ)៖ សមត្ថកិច្ច នគរបាល បានចាប់ខ្លួន ជនសង្ស័យ ក្នុងករណីផ្ទុះអាវុធ បណ្តាលឱ្យមនុស្សរងរបួសមនុស្ស ៣នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានម្នាក់ហើយ។
ជនសង្ស័យ ដែលឃាត់ខ្លួននោះមានឈ្មោះ ZHANG TAO ជនជាតិចិន អាយុ ៤៣ឆ្នាំ មុខរបរបោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយចាប់ខ្លួន កម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី ០១ដើម ម៉ាក ZORAKI MOD 914-TD មានលេខសម្គាល់ ZRCWI02 1903-00358, បង់០១ មាន ០៨គ្រាប់ (ប្រភេទ380) និងប្រដាប់ខ្ទប់សម្លេង១ និងរថយន្ដ ១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-9898។
ក្រោយសមត្ថកិច្ច សាកសួរឈ្មោះ JIANG KUNZHENG បានឱ្យឆ្លើយបញ្ជាក់ថា ករណីនេះ កើតឡើងដោយសារភាគីទាំង២ បានឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ផ្ទុះអាវុធកើតឡើង។ បច្ចុប្បន្ន កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរជនសង្ស័យ និងបន្តនីតិវិធី។
សូមបញ្ជាក់ថា នៅម៉ោងជាង ១១យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ មានករណីជនជាតិចិនពីរក្រុម បានផ្ទុះអាវុធ នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បណ្ដាលឱ្យមនុស្សចំនួន ៣នាក់ (ជនជាតិចិន២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយផ្ទុះអាវុធ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាម ប៉ុន្តែជនសង្ស័យ បានជិះរថយន្តគេចខ្លួនបាត់ស្រមោល។
បន្ទាប់មក កម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវរហូតដល់ម៉ោង ២យប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយសមត្ថកិច្ច បានចាប់ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ព្រមទាំងដកហូតបានអាវុធខ្លីចំនួន ១ដើម និងបាននាំយកមកស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីសួរនាំតាមនីតិវិធី។
របាយការណ៍ របស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នករងរបួសមានចំនួន ៣នាក់ មានឈ្មោះ៖ ១- ឈ្មោះ នឿន វ៉ាន់ដេត ជនជាតិខ្មែរ មុខរបរសន្តិសុខសណ្ឋាគារ សមុទ្រខៀវ មានទីលំនៅ ក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួសប្រអប់ដៃខាងឆ្វេង និងពោះខាងឆ្វេង)។
២- ឈ្មោះ JIANG KUNZHENG ជនជាតិចិន មុខរបរ បើករោងចក្រលក់ទំនិញ កាន់លិខិតឆ្លងដែនលេខ EF1017047 មានទីលំនៅ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយជង្វារ រាជធានីភ្នំពេញ (រងរបួស ក្រោមដោះខាងស្តាំ និងក្បាលផ្នែកខាងឆ្វេង)។
៣- ឈ្មោះ QIN YANJUN ហៅ A NIU ជនជាតិចិន មុខរបរអ្នកដាំដើមឈើ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួស ជើងខាងឆ្វេង និងក្បាលផ្នែកខាងស្តាំ)។ បច្ចុប្បន្ន អ្នករងរបួសទាំង ៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕