(ប្រទេសថៃ)៖ គ្រាប់កាំភ្លើងយន្ត ប្រភេទ១២,៧ ជាង៥០០គ្រាប់ ត្រូវបានភាគីថៃប្រទះ ឃើញនៅក្បែរព្រំដែនកម្ពុជា ដែលគ្រាប់ទាំងនោះ ត្រូវបានជនមិនស្គាល់មុខ ធ្វើការវេចខ្ចប់យ៉ាងស្អាត ខណៈដែលកម្លាំង យោធាឈុតខ្មៅថៃ ធ្វើការល្បាតតាម ខ្សែបន្ទាត់ព្រំដែន។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១និង ៣០នាទីរសៀល កម្លាំងយោធាថៃ លេខ៥២៣ បានធ្វើការល្បាតតាម ខ្សែបន្ទាត់ព្រំដែន។
លុះដល់ចំណុចណងបន ស្ថិតក្នុងភូមិ១៤ ឃុំធុងខ្នាន ស្រុកសយដាវ ខេត្តចាន់បូរី ដែលចំណុចនេះគឺ ប្រឈមជាមួយនឹង ច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
នៅពេលនោះដែរកម្លាំង យោធាឈុតខ្មៅថៃ បានប្រទះឃើញមានវត្ថុ អ្វីម្យ៉ាងដែលត្រូវបាន ជនមិនស្គាល់មុខ ច្រកនៅក្នុងការ៉ុងជី ចំនួន២ការ៉ុង ហើយលាក់នៅ ក្នុងគុម្ពោធព្រៃ ទើបកម្លាំងបានចូល ទៅត្រួតពិនិត្យក៏បាន ប្រទះឃើញកែសគ្រាប់ ធុន១២,៧ ចំនួន៦កែស។
នៅពេលដែលសមត្ថកិច្ចថៃ បើកកែសទាំងនោះឡើង គឺសង្កេតឃើញថា គ្រាប់កាំភ្លើងធុន១២,៧ ក្នុងមួយ កែសមានចំនួន ៨៥ គ្រាប់ សរុបទាំងអស់គឺមានចំនួន ៥១០គ្រាប់។
គួរបញ្ជាក់ថាកាលពី អំឡុងដើមខែមករា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងយោធាថៃក៏បាន រកឃើញគ្រាប់ប្រភេទនេះចំនួន ០៤ ការ៉ុងផងដែរ ដែលគេបានយក មកលាក់ទុកនៅក្នុង តំបន់តែមួយ ដែលទីតាំងនេះ មានចម្ងាយប្រមាណ ៥០០ ម៉ែត្រពីអូរព្រំដែន កម្ពុជាតែប៉ុណ្ណោះ ដែលបច្ចុប្បន្នកម្លាំង យោធាថៃកំពុងធ្វើការ ស្រាវជ្រាវទៅលើគ្រាប់ រំសេវទាំងនេះដើម្បីស្វែង រកប្រភពឲ្យបានច្បាស់លាស់ ៕ រាយការណ៍ដោយលោកគង់ ចំណាប់