កម្លាំងកងរាជអាវុធហត្ថក្រុង ស្ទាក់បង្ក្រាបបានរថយន្តដឹក គល់ធ្នង់ពកលោតឆ័ត្រ ចេញពីស្រុកវើនសៃ បម្រុងទៅប្រទេសវៀតណាម ប្រគល់ឱ្យជំនាញ ព្រៃឈើចាត់ការបន្ដ

(ខេត្តរតនគិរី)៖ រថយន្តមួយគ្រឿងដឹក គល់ធ្នង់ពកពេញព្រៀប បម្រុងនាំចេញទៅ ក្រៅប្រទេស តែត្រូវបានកម្លាំង កងរាជអាវុធហត្ថក្រុងបានលុង ស្ទាក់បង្ក្រាបចាប់បានភ្លាមៗ ហើយក៏ប្រគល់ឱ្យ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តចាត់ការបន្ត។

ការស្ទាក់ឃាត់បាន រថយន្តនោះធ្វើឡើង នៅយប់ថ្ងៃទី០២ខែ កុម្ភឆ្នាំ២០២៤ នៅត្រង់ចំណុច មុខសាលាអន្តេវាសិកដ្ឋាន ស្ថិតក្នុងភូមិថ្មដា  សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។

តាមប្រភពបង្ហើបថា រថយន្តដឹកគល់ធ្នង់ នោះបើកបរចេញ ពីភូមិសាស្ត្រស្រុកវើនសៃ បោះពួយមានល្បឿន យ៉ាងលឿនតាម ផ្លូវជាតិលេខ78A ឆ្លងកាត់ស្រុកអូរជុំ សំដៅចូលមកក្រុងបានលុង និងបន្តទៅមុខទៀត តែត្រូវកម្លាំង កងរាជអាវុធហត្ថ បង្ក្រាបបានតែម្តង។

នៅក្នុងការបង្ក្រាបនោះ ដែរគេឃើញកម្លាំង កងរាជអាវុធហត្ថឃាត់ បានទាំងអ្នកបើកបរ រថយន្តនិងព្រូឡានម្នាក់ ផងដែរបញ្ជូនមកឱ្យជំនាញ។

រថយន្តដែលដឹក បទល្មើសប្រភេទ គល់ឈើពកធ្នង់ ដ៏មានតម្លៃខាងលើ នេះកម្លាំង កងរាជអាវុធហត្ថ ក្រុងបានលុងបានឱ្យដឹងថា រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៥តោន ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-3338  ហើយការដឹកជញ្ជូន នោះគឺជាជើងទី៣ ហើយដែលរថយន្ត មួយគ្រឿងនេះ បានធ្វើសកម្មភាព ល្មើសដោយលោតឆ័ត្រ ដើម្បីយកទៅលក់ នៅប្រទេសក្រៅ ប៉ុន្ដែលើកនេះ​ក៏ត្រូវកម្លាំងយើងចាំ ស្ទាក់បង្ក្រាប និងរឹបអូសយក ឱ្យខាងតែបានតែម្តង។

ប្រភពផ្សេងទៀត សុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា ម្ចាស់ឈើពកធ្នង់ ខាងលើនោះ គឺជាសមត្ថកិច្ច នគរបាលខេត្តម្នាក់ និងម្នាក់ទៀតជាមន្រ្តី កងរាជអាវុធហត្ថ នៅខេត្តរតនគិរីនេះ ឯងដែលពួកគេបាន ទៅប្រមូលទិញ នៅឯស្រុកវើនសៃ ដើម្បីយកទៅធ្វើអាជីវកម្ម មិនស្របច្បាប់ទៅ ក្រៅប្រទេស។

ប្រភពដដែល បានបន្តបង្ហើបថា ឈ្មួញនៅក្រៅ ស្រុកបានប្រគល់ កញ្ចប់ថវិកាឱ្យ ទៅមន្ត្រីកងរាជអាវុធ ហត្ថខេត្តម្នាក់ជា អ្នកចាត់ចែងរត់ការ តែដោយសារ គេរត់ការនៅមាន ចន្លោះប្រហោង ទើបបែកការណ៍ ផ្តើមឱ្យមានការអាក់អន់ ស្រពន់ចិត្តក៏ចាត់ កម្លាំងក្រុងចុះបង្ក្រាប បែបនេះតែម្ដងទៅ។

បច្ចុប្បន្នវត្ថុតាង រួមមានគល់ឈើពកធ្នង់ និងមធ្យោបាយដឹក ជញ្ជូនគឺរថយន្តកូរ៉េ មួយគ្រឿង អ្នកបើកបរនិង ព្រូម្នាក់ផងនោះ កំពុងស្ថិតនៅក្នុង មន្ទីរកសិកម្ម ខេត្តរតនគិរីនៅឡើយ។

មកដល់ពេលនេះ ជំនាញព្រៃឈើហាក់ នៅមិនទាន់បាន បើកកៅស៊ូតង់ ដែលគ្របជិតពី លើរថយន្តនោះដើម្បី ពិនិត្យនិងបង្ហាញមហាជន ទូទៅឱ្យបានឃើញផងទេ។

អ្នកបើកបរក៏អាច បំលាស់ទីរថយន្ដ នោះបានយ៉ាងងាយ ម្ដងទៅចតខាងស្ដាំដៃ ម្តងទៅខាងឆ្វេង នៃមន្ទីរកសិកម្ម តាមតែអំពើចិត្ត។ គេសង្ស័យតែ យប់ថ្ងៃបន្ទាប់ បើមិនយូរមិនឆាប់ ចេញទៅបាត់ ហើយបន្ដដឹកជញ្ជូន ដូចដើមវិញដដែល។

ក្រុមអ្នកកាសែត សួរលោក លី សុផាន នាយរងខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរី តាមទូរស័ព្ទសុំការបំភ្លឺ ហើយលោកឆ្លើយយ៉ាងខ្លីថា មិនបានដោះលែងទេ! គឺកំពុងបន្តនីតិវិធី តាមផ្លូវច្បាប់ គ្មានឈើអ្វីល្អទេ មានតែគល់ឈើគ្រាក់ (ខ្លឹម)ឈើពក។

មជ្ឈដ្ឋានទូទៅថា បើប្រាកដជាដឹក បទល្មើសមានអី ពិបាករកម្ចាស់ជា ថៅកែនោះ បើចាប់បានទាំង រថយន្តស្គាល់ស្លាកលេខ បានទាំងអ្នកបើកបរ និងព្រូទៀតនោះ ខ្លាចក្រែងតែសមត្ថកិច្ច គ្មានឆន្ទៈធ្វើតែតាមការ ស្ទាបស្ទង់ ប្រាកដជាសម្រួល ដោះលែងហើយ មិនបាច់ឆ្ងល់ទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *