ទីតាំងលួចលាក់បង្កប់បទល្មើសអនឡាញ online scams ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៣០០នាក់ នៅខេត្តក្រចេះ !

ខេត្តក្រចេះ៖ អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាបទីតាំងដែលសង្ស័យ មានលួចលាក់បង្កប់បទល្មើសអនឡាញ ដោយបានឃាត់ខ្លួនជនបរទេស ៣១២នាក់ និងដកហូតវត្ថុតាង ដែលបម្រើឱ្យការប្រព្រឹត្តបទល្មើស (កុំព្យូទ័រ ៣២៩គ្រឿង, ទូរសព្ទ ១,៦៣០គ្រឿង)នៅទីតាំងផ្ទះជួល១កន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ លោក វ៉ា ថន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ដោយសមការណ៍ជាមួយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើទីតាំងលួចបង្កប់បទល្មើស Online Scams ដោយបានរកឃើញ និងឃាត់ខ្លួនជនជាតិបរទេស ក្នុងនោះមាន ជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា ចំនួន ៣១២នាក់ ក្នុងនោះមានស្ត្រី ៥៦នាក់។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះទៀត កម្លាំងសមត្ថកិច្ច បានប្រមូលយកសម្ភារៈដែលជាវត្ថុតាងប្រព្រឹត្តបទល្មើសអនឡាញ រួមមាន៖ កំព្យូទ័រ ៣២៩គ្រឿង និងទូរសព្ទដៃ១,៦៣០គ្រឿង ផងដែរ។ ក្រោយការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៣១២នាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានប្រគល់ និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការជាបន្តតាមនីតិវិធីច្បាប់។
ដោយឡែក ចំពោះមេក្លោង ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត៕BY:SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *