(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងតាមថា សំណូមពររបស់កម្ពុជា ស្នើសុំឱ្យបណ្តារដ្ឋ ដែលគោរពច្បាប់លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា ហើយកម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជា និងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយ ដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការ។
ខាងក្រោមជាខ្លឹមសារ ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅលើបណ្តាញ សង្គមផ្លូវការរបស់សម្តេច៖ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន!
មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជា ឲ្យក្រសួងការបរទេស និងតំណាងកម្ពុជា យើងដែលចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៉ី ដែលវាយចូលប្រទេស អ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជា ច្រើនមានការភ្ញាក់ផ្អើល អំពីឥរិយាបទរបស់កម្ពុជា។
ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាព ដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរព ច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់ បានហើយអំពីការគិតរបស់ខ្ញុំ សម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។
សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែន ជាមួយកម្ពុជាលើ៤ចំណុច៖
ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និង
ទី៤ ប្រាសាទតាក្របី។
កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរ ឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើក ទឹកចិត្តដោះស្រាយដោយ សន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹង ផ្ទុះអាវុធវាយប្រហារគ្នា ប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នា តាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាច ដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។
ការដោះស្រាយតាមផ្លូវតុលាការ មិនមែនជាការបង្កហេតុ បង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់ បញ្ជៀសការបង្ហូរឈាម នាពេលអនាគត។ សម្រាប់រដ្ឋាភិបាលក៏ងាយស្រួល ក្នុងការបកស្រាយជាមួយ ប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។
ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេសុី និង ម៉ាឡេសុី, សឹង្ហបុរី និងម៉ាឡេសុី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនិមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៉ី និងម៉ាឡេសុី និងទំនាក់ទំនងម៉ាឡេសុី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។
ការគេចវេសណាមួយមិន ហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជា មួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោក មួយដែលគោរពច្បាប់៕