(ខេត្តកែប)៖ ក្នុងដំណើរចុះសួរសុខទុក្ខ មន្ត្រីបុគ្គលិកមណ្ឌល សុខភាពអង្កោល ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសប្រធានអង្គភាពសាម៉ី ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីចូលរួមប្រឡង ប្រណាំងអង្គភាពផ្តល់ សេវាសាធារណៈ គំរូនាពេលខាងមុខ ដើម្បីឈានទៅ ទទួលបានជ័យ លាភីពីថ្នាក់ដឹកនាំ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ថា កន្លងទៅ ខេត្តកែបធ្លាប់ទទួល បាននូវជ័យលាភីជាបន្តបន្ទាប់ ក្នុងការប្រឡងប្រណាំងផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ លើវិស័យសំខាន់ៗ ជាពិសេសវិស័យទេសចរណ៍ ក្នុងនោះចំពោះការប្រឡង ប្រណាំងអង្គភាពផ្តល់ សេវាសាធារណៈគំរូ កាលពីពេលកន្លង ទៅសម្រាប់វិស័យសុខាភិបាល ខេត្តកែបក៏ធ្លាប់ទទួល បានចំណាត់ថ្នាក់ លេខ៥រួចហើយដែរ តែដើម្បីឈានទៅ ដណ្តើមយកចំណាត់ ថ្នាក់អោយកាន់តែ ល្អថែមទៀតនោះ ប្រធានមន្ទីរសុខាភិបាល ដែលជាអង្គភាពសាម៉ី ត្រូវត្រៀមលក្ខណៈ អោយបានរៀបរយ ក្នុងការឈានទៅ សម្រេចអោយបាន នូវលទ្ធផលល្អ លើវិស័យសុខាភិបាលនេះ។
ក្នុងដំណើរចុះទៅពិនិត្យ ការត្រៀមលក្ខណៈសម្បត្តិ និងសួរសុខទុក្ខបុគ្គ លិកសុខាភិបាល នៅមណ្ឌលសុខភាពអង្កោល ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរមូលដ្ឋានត្រូវបញ្ជ្រាប និងជំរុញការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ឱ្យមានការយល់ដឹងបន្ថែមទៀត ដើម្បីអោយពួកគាត់ មកទទួលការប្រើប្រាស់ សេវាសុខភាពនៅតាម មណ្ឌលសុខភាព នៅទូទាំងខេត្តកែប។
លោកឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប បានអោយដឹងដែរថា យើងដាក់មន្ទីរពេទ្យខេត្តកែប ជាបេក្ខភាពក្នុង ការប្រឡងប្រណាំង ជាអង្គភាពផ្តល់សេវា សាធារណៈគំរូក្នុងវិស័យ សុខាភិបាល សម្រាប់ឆ្នាំ២០២៤។ ដោយឡែកយើងក៏បានត្រៀមលក្ខណៈ ដាក់មណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ និងមណ្ឌលសុខភាពព្រៃធំ ស្ថិតនៅក្រុងកែប ខេត្តកែប សម្រាប់ការប្រឡងប្រណាំងនាឆ្នាំបន្ទាប់។
សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូ ធ្វើឡើងក្នុងវិស័យចំនួន២គឺ វិស័យអប់រំ និង វិស័យសុខាភិបាល ដែលនេះគឺជាគំនិតផ្តួចផ្តើម រួមគ្នារបស់ក្រសួង មុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង បំផុសចលនាលើក កម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈអោយកាន់តែល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់ការលើក ទឹកចិត្តដោយមាន ការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើក ទឹកចិត្តជាថវិកាផងដែរ៕ដោយលោក សេង ណារិទ្ធ