(ប្រទេសថៃ)៖ ទាហានថៃឃាត់ខ្លួន ជនជាតិខ្មែរម្នាក់ ដែលទំនងជាមាន មុខរបររកស៊ីនាំបារី ឆ្លងដែនគេចពន្ធ ពីកម្ពុជាចូលទៅក្នុងប្រទេសថៃ ត្រូវបានយោធាថៃឃាត់ខ្លួន នៅក្បែរព្រំដែនរួមជាមួយ នឹងវត្ថុតាងជាច្រើន ខណៈដែលជនជាតិខ្មែររូបនេះ កំពុងបើកបររថយន្ត ចូលទៅក្នុងទឹកដីថៃ ព្រមទាំងដឹកទំនិញ គេចពន្ធខុស ច្បាប់ថែមទៀតផង។
ហេតុការណ៍នេះគឺបាន កើតឡើងកាលពីរសៀលថ្ងៃទី ខែមិថុនា ឆ្នាំ២០២៤ ដែលប្រតិបត្តិការឡើង ដោយកម្លាំងយោធា ការពារខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា លេខ១៣ដោយបានធ្វើការ ល្បាតដល់ចំណុចខៅឌីន ស្ថិតក្នុងឃុំក្លងហាត ស្រុកក្លងហាត ខេត្តស្រះកែវ ប្រឈមជាមួយនឹង ច្រកអន្តរជាតិគីឡូ ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។
នៅពេលនោះកម្លាំងល្បាត បានប្រទះឃើញរថយន្ត មួយគ្រឿងកំពុងបើកបរ ឆ្ពោះចូលទៅក្នុងទឹកដីថៃ។ភ្លាមៗនោះដែរដោយ មានការសង្ស័យកម្លាំង បានធ្វើការឃាត់រថយន្ត ដើម្បីត្រួតពិនិត្យដែល រថយន្តនោះបើក បរដោយឈ្មោះ ផូ សាឈឿត ភេទប្រុស អាយុ ២៧ ឆ្នាំ ជាជនជាតិខ្មែរ ។
នៅពេលនោះសមត្ថកិច្ចថៃ បានត្រួតពិនិត្យទាំង ក្នុងរថយន្ត និង គូទរថយន្ត គឺប្រទះឃើញមាន បារីដែលមិនបានបង់ពន្ធត្រឹមត្រូវ ចំនួនពីរប្រភេទ គឺម៉ាក CAPITAL និង CANYON សរុបមានចំនួន ៩០០ សុង ស្មើហ្នឹង ៩.០០០ កញ្ចប់ ដែលនៅពេលនោះកម្លាំង សមត្ថកិច្ចបានដកហូតវត្ថុតាង ព្រមទាំងបានឃាត់ខ្លួន ជនជាតិខ្មែររូបនោះ បញ្ជូនទៅឲ្យអង្គភាព គយប្រចាំខេត្តស្រះកែវ ដើម្បីវិនិច្ឆ័យតាមផ្លូវច្បាប់៕ របាយការណ៍(៩៥)