អត្ថបទ រូបភាព ដោយៈ សេង ណារិទ្ធ
ខេត្តកែប: នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការសកម្មភាពត្រីមាស ទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តផែនការសកម្មភាពសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ។
លោកឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប បានធ្វើរបាយការណ៍អោយដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើសកម្មភាពពិនិត្យជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងសកម្មភាពនានាក្នុង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៩០៨លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១៦៦,៦២៣នាក់ ស្ត្រី ៦,៧៣៧,០៤៤នាក់ គិតត្រឹម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៨,៣៣១,១៥០ដុល្លារ ។ ដោយឡែកសម្រាប់ខេត្តកែប ធ្វើសកម្មភាពបានចំនួន ១៨លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ១៦,៥៦១នាក់ ស្រ្តី ៩,៩៤៥នាក់។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ក្រុមគ្រួពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលជានិច្ចកាលតែងផ្តោតការយកចិត្តទុកចំពោះខេត្តកែប តាមរយៈសកម្មភាពជួយពិនិត្យ ជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តជាបន្តបន្ទាប់ ជាពិសេសជួយឧបត្ថម្ភ ទាំងកំលាំងកាយ ប្រាជ្ញាស្មារតី និងសំភារៈ ថវិកា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនោះដែរឯឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានជម្រុញ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ក៏ដូចជាមន្ទីរសុខាភិបាល ពិនិត្យឡើងវិញនូវលទ្ធផល ក៏ដូចជាសកម្មភាពរបស់ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងខេត្តកែប ចងក្រងជាឯកសារ ផលិតជាវីដេអូ និងសម្រាប់រៀបចំផែនការសកម្មភាពសម្រាប់ត្រីមាសបន្ត អោយបានត្រឹមត្រូវ និងគ្រប់ ជ្រុងជ្រោយ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រួពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្រុមគ្រូពេទ្យស្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី អនុវត្តការងារផ្តោតសំខាន់ទាំង រូបភាព គោលបំណង និងលទ្ធផល ក្នុងន័យនេះ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ឯកឧត្តមបន្តថា តាមរយៈការឯកភាពពីឯកឧត្តម អភិបាលខេត្តកែប ក្រុមគ្រូពេទ្យស្មគ្រចិត្តនឹងចុះមកពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តកែប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ជាមួយ និងវេជ្ជ.បណ្ឌិតដែលមានជំនាញ និងបទពិសោធន៍ គ្រប់គ្រាន់ជាច្រើនរូប៕