(ខេត្តឧត្តរមានជ័យ)៖ មានកើតករណី ឃាតកម្មមួយបានកើតឡើង នៅចំណុចក្នុងប្រឡាយ ស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០និង២០នាទី ដែលករណីនេះបង្ក ឡើងដោយជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ កាប់និងអាករ ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន អូរស្មាច់រីសត (បណ្ដាលឱ្យស្លាប់ នៅហ្នឹងកន្លែងកើតហេតុ) ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាន នគរបាលក្រុងសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាន នគរបាលក្រុងសំរោង បានសហការជា មួយកម្លាំងផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត ចុះទៅដល់ទីកន្លែង កើតហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យបាន នៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿងតាមនីតិវិធី។
ក្នុងខណៈពេលកំពុងសួរនាំ ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើ សកម្មភាពយក កូនកាំបិតមាន ចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះរហូត ដល់ស្លាប់ពិតប្រាកដមែន ហើយបន្ទាប់ពី បានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយក ទូរសព្ទ និងប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះខាងលើ យកគេចខ្លួនទៅ សម្រាកនៅក្នុងមន្ទីរពេទ្យ ស្រុកកាប់ឈើង ប្រទេសថៃ ផងដែរ។ មូលហេតុ៖ ដោយសាររូបខ្លួន ជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះ មានសម្ដីអាក្រក់មកលើខ្លួន ។ ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាំងត្រូវ បានរៀបចំកសាង សំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលា ដំបូងខេត្តចាត់ការ បន្តតាមផ្លូវច្បាប់៕ដោយលោក មួនរិទ្ធយ៉ា