(ខេត្តព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីកម្លាំង ការិយាល័យជំនាញ នៃផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកកំពង់ត្របែក ចុះស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់អស់ពេញមួយថ្ងៃ ជុំវិញមានព័ត៌មាន វាយប្លន់យកម៉ូតូ ពីយុវតីឈ្មោះ ឡន ធីតា អាយុ១៥ឆ្នាំ ជាលទ្ធផលរកឃើញថា គឺជារឿង ប្រឌិតទាំងស្រុង មិនមែនជាការ ពិតឡើយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន និងបង្ហោះផ្សព្វផ្សាយ តាមបណ្ដាញសង្គម ថា មានករណីវាយ ប្លន់យកម៉ូតូពីយុវតី ម្នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ នៅភូមិព្រៃផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយទទួលបានព័ត៌មានថា មានក្រុមជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានវាយប្លន់យក ម៉ូតូពីជនរងគ្រោះ មានឈ្មោះ ឡន ធីតា រស់នៅភូមិឃុំកើត ហេតុខាងលើ កម្លាំងនគរបាលជំនាញ ក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានចុះបើកការស៊ើប អង្កេតស្រាវជ្រាវដល់ កន្លែងកើតហេតុយ៉ាង យកចិត្តទុកដាក់បំផុត អស់ពេញមួយថ្ងៃ។
ក្រោយចុះស្រាវជ្រាវ នៅកន្លែងកើតហេតុ នគរបាលជំនាញ បានរកឃើញតម្រុយ ឈានដល់ការសន្និដ្ឋានថា មិនមែនជាករណីប្លន់នោះឡើយ។ បន្ទាប់មកទៀត កម្លាំងនគរបាលក៏បាន អញ្ជើញក្មេងស្រីរងគ្រោះ មកធ្វើការសួរនាំ និងបំភ្លឺ នៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្របែក។
ដោយមានការ សង្ស័យថាជាការប្រឌិត នគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកកំពង់ត្របែក បានសួរនាំក្មេងស្រីឈ្មោះ ឡន ធីតា អស់ជាច្រើនលើក ទើបក្មេង ស្រីខាងលើ ឆ្លើយសារភាពថា ករណីនេះមិនមែនជាការ ពិតឡើយ គឺខ្លួនជាអ្នកប្រឌិត រឿងនេះឡើងទាំងស្រុង។
ក្មេងស្រីរូបនេះសារភាពថា ខ្លួនជិះម៉ូតូលឿនខ្វះការប្រុង ប្រយ័ត្ន ទើបបណ្ដាលឱ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ប្រឡាយទឹក ហើយខ្លួនក៏សន្លប់ បាត់បង់ស្មារតី។ ក្រោយពេលដឹងខ្លួនវិញ ខ្លួនរកម៉ូតូមិនឃើញ ហើយខ្លាចអ្នកផ្ទះស្ដីបន្ទោស ក៏ប្រឌិតថាជាករណី វាយប្លន់យកម៉ូតូតែម្ដង។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែងអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមកុំប្រឌិតរឿង ក្លែងខុសពីការពិត ហើយមកប្ដឹង ដល់សមត្ថកិច្ច បើបងប្អូនមានជួប ប្រទះបញ្ហាអ្វី ឬករណីការណា មួយកើតឡើង សូមហ៊ាននិយាយ និងផ្ដល់ព័ត៌មានពិត មកកាន់នគរបាល នោះនគរបាលខេត្តព្រៃវែង នឹងជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់បំផុត ព្រោះបើមាន ការបង្ហោះ ផ្សព្វផ្សាយតាមបណ្ដាញសង្គម និងមានការ ចុះផ្សាយតាមរយៈ សារព័ត៌មានអំពីព័ត៌មានមិនពិត អាចធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស មុខមាត់អង្គភាព នគរបាលខេត្តព្រៃវែង និងនាំទុក្ខដាក់ខ្លួន ព្រោះអាចកើតមានជាបទល្មើស ដោយសាររូបខ្លួនក្លែង ប្រឌិតរឿងហើយមកប្ដឹង សមត្ថកិច្ចខុសពីការពិត៕