(ខេត្តកណ្ដាល)៖ ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួន បណ្តោះអាសន្ន លើ ជនត្រូវចោទឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម ដែលបើករថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមនុស្ស២៩នាក់រងរបួសធ្ងន់ស្រាល។
ជាក់ស្ដែង យោងតាម សេចក្តីប្រកាស ព័ត៌មាន របស់ អ្នក នាំពាក្យ សាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ករណី សំណុំរឿង ព្រហ្មទណ្ឌលេខ ៤៨២ បង្កឡើងដោយឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម បើករថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមានជនរងគ្រោះ២៩នាក់ (របួសធ្ងន់ ៣នាក់ និងរបួសស្រាល ២៦នាក់) ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល សម្រេច ឃុំខ្លួន បណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម ពីបទល្មើសបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, បទល្មើសបើកបរក្រោម ឥទ្ធិពលនៃគ្រឿងញៀន បទល្មើសរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ និងមាត្រា៦៣ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន និងបទល្មើសប្រើប្រាស់ ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ ប្រើប្រាស់ដោយនគរបាល ឬយោធា តាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ៕