(ភ្នំពេញ)៖ កាលពីថ្ងៃ២០ កុម្ភ: ឆ្នាំ២០២៤ កន្លងទៅ សាលាឧទ្ធរណ៍ បានប្រកាសសាលដីកា សំណុំរឿងចាប់បង្ខាំង ជនជាតិចិន ជំរិតទារប្រាក់រហូត ដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយ ខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត» ជនរងគ្រោះទទួលបាន យុត្តិធម៌ និងគាំទ្រចំពោះ វិស័យយុត្តិធម៌ ! គឺសាលាឧទ្ទរណ៍ បានតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដដែល ធ្វើឱ្យមជ្ឈដ្ឋានទូទៅ របស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះ គាំទ្រចំពោះ ចៅក្រមប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ ចៅជំនុំជម្រះ តំណាងមហាអយ្យការ ក្រឡាបញ្ជី ផ្តល់ភាពយុត្តិធម៌ ប្រកបដោយ វិជ្ជាជីវះ ក្នុងនោះមាន ក្រុមប្រឹក្សាជំនុំជម្រះ លោក គី ឫទ្ធី ប្រធានក្រុមប្រឹក្សា លោក ស៊ិន វិសាល ចៅក្រមប្រឹក្សា ,លោក សួស សំអាតចៅក្រមប្រឹក្សា តំណាងមហាអយ្យការ , លោក អ៉ឹម សុផាន ជាអគ្គព្រះរាជអាជ្ញារង ,លោក លីវ ដារ៉ា ក្រឡាបញ្ជីសវនាការ ។
សូមជម្រាបជូនថា ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងឧក្រិដ្ឋជន ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយ ខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត»។
ពាក់ព័ន្ធករណីនេះ ជនរងគ្រោះ ទទួលបានយុត្តិធម៍ ពីស្ថាប័នតុលាការ តាំងពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ទរណ៍ តាមរយះយន្តការ លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ មានការយកចិត្តទុកដាក់ បំផុតលើវិស័យ ប្រព័ន្ធយុត្តិធម៌ ក្នុងនោះ លោកឧបនាយករដ្ឋមន្ដ្រី ពង្រឹងលើគោលការណ៍ ៖ ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ ។ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះ ស្រាយភាពមិន ប្រក្រតីនៅតាមតុលាការ។
យុទ្ធនាការទាំង២នេះ ត្រូវបានធ្វើឡើងក្នុង គោលបំណងដើម្បីពង្រឹង និងលើកកម្ពស់ សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុង ការលើកកម្ពស់ «គោលការណ៍នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» ដែលកិច្ចការនេះ ត្រូវបានចាត់ទុកជា អាទិភាពនយោបាយដ៏ សំខាន់មួយដែលត្រូវ អនុវត្តឲ្យចេញជា លទ្ធផលជាក់ស្ដែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានអះអាងថា ៖ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការ ផ្តល់សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាព ឆាប់រហ័ស និងងាយស្រួល ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿង ក្តីដោយតុលាការ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ធ្លាប់តម្រង់ទិសដៅ និងបានព្រមានទុកមុនមិនអត់ឱនឲ្យជាដាច់ខាត ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាស ប្រព្រឹត្តអំពើពុករលួយ បំពេញការងារខុសវិជ្ជាជីវះ តាមតួនាទីភារកិច្ច ក៏ដូចក្នុងពេលយុទ្ធន ការដោះស្រាយបញ្ហាក កស្ទះ សំណុំរឿងនៅ តាមសាលា ដំបូងរាជធានី-ខេត្ត ។
លោកឧបនាយករដ្ឋមន្ត្រី ក៏ប្រកាសដាក់ ចេញនូវយុទ្ធនាការ តាមរយះអះអាងថា សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្ត កំហុសវិជ្ជាជីវៈ អាចប្រឈម នឹងការបញ្ចប់ ការងារភ្លាមៗតែម្ដង។
លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអនុញ្ញាតឲ្យ មានករណីត្រីងៀតឆ្លៀត ពងនោះទេ មានន័យថា មិនអនុញ្ញាតឲ្យយកឱកាស នៃយុទ្ធនាការនេះ ដើម្បីប្រព្រឹត្តអំពើ ខុសច្បាប់ ឬក៏ជាអំពើមួយដើម្បី ផលប្រយោជន៍ ផ្ទាល់ខ្លួននោះទេ។ ចឹងអភិក្រមការងារនេះ យើងនឹងប្រកាន់ ជំហរម៉ឺងម៉ាត់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីដែលបាន ប្រព្រឹត្តខុសនឹងទទួល មកវិញជាមួយនឹង ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទាំងផ្នែកផ្លូវច្បាប់ ទាំងផ្នែកវិជ្ជាជីវៈ»។
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌រូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រសួងយុត្តិធម៌ ធ្លាប់បានជួយជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលនេះមានន័យថា ប្រសិនបើមានករណី ប្រព្រឹត្តអំពើពុករលួយ ក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយ តបដោយម៉ឺងម៉ាត់បំផុត ដោយគ្មានករណីលើកលែង ។
គួរជម្រាបថា ៖ ចំពោះសំណុំចាប់ បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់ ១០លានដុល្លារ ពីបទ «បង្ខាំងមនុស្ស ដោយខុសច្បាប់ធ្វើ ទារុណកម្មដើម្បី ជំរិតទារប្រាក់ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត» សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ បានសម្រេចផ្ដន្ទា ទោសក្រុមឧក្រិដ្ឋ ជនជនជាតិចិន ចំនួន៨នាក់ ដែលចាប់ជំរិតទារប្រាក់នេះ ដោយផ្ដន្ទាទោសចាប់ពី១៨ឆ្នាំ ដល់២២ឆ្នាំ និងបង្គាប់ឲ្យ សងជំងឺចិត្តទៅដើម បណ្ដឹងរដ្ឋប្បវេណី ១០០លានរៀល និងសងប្រាក់ ចំនួន២៥ម៉ឺនដុល្លារ។
សូមរំលឹកថា ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទ ប្រកាន់ជាផ្លូវការ ទៅលើក្រុមឧក្រិដ្ឋ ជនជនជាតិចិន ចំនួន៥នាក់ ដែលចាប់បង្ខាំង ជនជាតិចិន ជំរិតទារប្រាក់ រហូតដល់១០លានដុល្លារពីបទ «បង្ខាំងមនុស្ស ដោយខុសច្បាប់ ធ្វើទារុណកម្មដើម្បី ជំរិតទារប្រាក់ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត»។
ឧក្រិដ្ឋជនជនជាតិចិន ទាំងអស់នេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ ករណីបង្ខាំងជន ជាតិចិនដូចគ្នា ដើម្បីជំរិតទារ លុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទាក់ទិនករណីនេះ មន្រ្តីជាន់ខ្ពស់នៃ អគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មាន បន្ថែមដែរថា ករណីនេះក្រុមជនល្មើស បានចាប់ជំរិតទារប្រាក់ ពីជនរងគ្រោះរហូត ដល់១០លានដុល្លារ មិនមែន១លានដុល្លារនោះទេ។
ករណីចាប់បង្ខាំង ដើម្បីជំរិតទារ ប្រាក់១០លានដុល្លារនេះ បានកើតឡើងនៅ ម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យ មានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយ អាវុធគ្រប់ដៃ។
បន្ទាប់ពីបានទទួល បណ្ដឹងពីក្រុមគ្រួសារ ជនរងគ្រោះ សមត្ថកិច្ចជំនាញ របស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋាន កណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការ បង្ក្រាបករណីនេះ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
អំពើប្រព្រឹត្តរបស់ក្រុមឧក្រិដ្ឋជន បង្ហាញពីភាព សាហាវ ឃោឃៅបំផុត ហើយកន្លង មកក៏លេចឮថា មានអ្នករត់ការដើម្បី ទទួលបានការ បន្ធូបន្ថយទោស ប៉ុន្តែស្ថាប័នតុលាការ បានផ្តល់ភាពយុត្តិធម៌ ដល់ជនរងគ្រោះ ប្រកបដោយ សេវាយុត្តិធម៌បំផុត ។
នៅថ្ងៃ២០ កុម្ភ: ឆ្នាំ២០២៤ កន្លងទៅនេះ សាលាឧទ្ធរណ៍ បានប្រកាសសាលដីកា សំណុំចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ ពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត» តម្កល់សាលក្រម សាលាដំបូង រាជធានីភ្នំពេញ ដដែល។
ដូច្នេះទាំងមជ្ឈដ្ឋាន ទូទៅរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចមន្ត្រី នគរបាលយុត្តិធម៌ ជនរងគ្រោះ សាច់ញាតិក្រុម គ្រួសារជនរងគ្រោះ គាំទ្រចំពោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តំណាងមហាអយ្យការ នៃសាលាឧទ្ទរណ៍ បានផ្តល់ភាពយុត្តិធម៌ឱ្យជនរងគ្រោះ ក្នុងការផ្តន្ទាទោសក្រុម ឧក្រិដ្ឋជនទាំងនេះ ទៅតាមបទល្មើស ដែលពួកគេប្រព្រឹត្ត ដ៏ឃោឃៅនេះ ។
ទីបំផុត ! តាំងដំណាក់កាល សាលាដំបូងរាជធានីភ្នំពេញ ដល់ សាលាឧទ្ទរណ៍ បានផ្តល់ភាពយុត្តិធម៌ ដល់ជនរងគ្រោះ គួរឱ្យស្ញើញនូវ យន្តការសម័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានសុក្រិត្យភាពបំផុត លើវិស័យប្រព័ន្ធយុត្តិធម៌ ។
ច្បាប់ គឺយុត្តិធម៌ និងស្មើភាព នៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់ នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌ នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌ នៅចំពោះមុខច្បាប់ គឺ យុត្តិធម៌ និងស្មើភាពគ្នា ។ នេះជាប្រសាសន៍ លោក កើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៕