(ខេត្តកែប)៖ ទិន្នផលអំបិលនៅខេត្តកែប ឆ្នាំនេះពិតជាមានការ កើនឡើងខ្ពស់ជាងឆ្នាំមុន ដោយគិតត្រឹមរយៈ ពេលជិត២ខែ ដើមឆ្នាំ២០២៤ អំបិលក្នុងឃ្លាំង ប្រមូលបានជិត៤ពាន់តោន ដែលទិន្នផលនេះ មានកំណើនគុណនឹង១០០ដង បើធៀបជាមួយរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ ពីសំណាក់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលោកចុះ ពិនិត្យដំណើរការផលិតអំបិល នៅក្នុងកែប នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។
ជាមួយនឹងទិន្នផល កំពុងកាក់កបដូចនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមដល់ អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវបន្តអនុវត្តគោល នយោបាយលើកទឹកចិត្ត និងជំរុញផលិត កម្មអំបិលអោយបាន ខ្លាំងជាងមុនបន្ថែមទៀត និងលើកទឹកចិត្តដល់ ម្ចាស់ស្រែអំបិលអោយបន្តផលិតអំបិលអោយ បានរៀងរាល់ឆ្នាំ ព្រោះនេះជាកេរដំណែល ពីដូនតាបន្សល់ទុក ហើយផលិតផលអំបិលនេះ ជាទំនិញដែល រាជរដ្ឋាភិបាលចាត់ទុកជា ទំនិញយុទ្ធសាស្រ្តផងដែរ។
តាមតួរលេខដែល មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកែប បានបញ្ជាក់ថា បច្ចប្បន្ន ខេត្តកែប មានទីតាំងផលិតអំបិលចំនួន០៧ទីតាំង លើផ្ទៃដីផលិតជាក់ស្តែងសរុប ៣៣១ហិកតា (ផ្ទៃដីសរុបចំនួន៤៩៧ ហិកតា) ក្នុងនោះឃ្លាំង ស្តុកអំបិលមានចំនួន ៤៤ឃ្លាំង ដែលបានផ្ដល់ ការងារចំនួន១៩៣នាក់៕ ដោយ សេង ណារិទ្ធ