(ខេត្តកែប)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនា ផ្លូវបេតុងមួយខ្សែ ប្រវែង៤៦០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។
បើតាមរបាយការណ៍ របស់លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថាផ្លូវបេតុថ្មី មួយខ្សែដែលកំពុង បើកការដ្ឋាននាពេលនេះ មានប្រវែង៤៦០ម៉ែត្រ ទទឹង៥ម៉ែត្រ បំបែកចេញពីផ្លូវលេខ33A ត្រង់ចំណុចផ្លូវ ចូលសាលាបឋមសិក្សា អង្គភ្នំតូច ភ្ជាប់ទៅផ្លូវរុក្ខាពិសិដ្ឋ ស្ថិតភូមិកំពុងត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយប្រើប្រាស់ ថវិកាមូលនិធិក្រុង និងគៀរគរដៃគូ អភិវឌ្ឍនានា ដើម្បីកែលំអរសោភណ្ឌភាព លើកកម្ពស់ការ អភិវឌ្ឍមូលដ្ឋាន និងដើម្បីសម្រួល ដល់ការធ្វើដំណើរ លើកកំពស់ជីវភាព ប្រជាពលរដ្ឋ។
លោកអភិបាលក្រុងបន្តថា ក្នុងអាណត្តិទី៣របស់ ក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រង បានកសាងផ្លូវ បេតុងអាមេចំនួន៥ខ្សែ ស្មើនឹងប្រវែងសរុប ២១៦១ម៉ែត្រ និងកំពុងបន្តជម្រុញ អនុវត្តគម្រោងហេដ្ឋារ ចនាសម្ពន្ធនានា ដើម្បីដោះស្រាយនូវ សំណូមពរ និងតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមសៀវភៅ ផែនការអភិឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិលក្រុងកែប។
មានប្រសាសន៍ នៅក្នុងពិធីបើការដ្ឋាននោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលដែលកើតឡើង ជាបន្តបន្ទាប់នេះ កើតចេញពីជំនឿទុកចិត្ត របស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិកន្លងមក ហើយនេះក៏ជាចំណង់ ដៃថ្មីមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិកំពង់ត្រឡាចនេះ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បញ្ជាក់ថា នៅពេលកំណាត់ផ្លូវ បេតុងនេះរួចរាល់ និងមានការសម្ពោធ អមជាមួយការបើការដ្ឋាន ស្ថាបនាបន្ត សម្រាប់ឆ្នាំថ្មី២០២៤។
ជាមួយគ្នានេះឯកឧត្តម ក៏បានជំរុញដល់បងប្អូន ប្រជាពលរដ្ឋដែល រស់នៅជាប់ដងផ្លូវ ចូលរួមសហការ ជាមួយអាជ្ញាធរក្រុង សម្រួលដល់ការ កសាងផ្លូវឆាប់បានរួចរាល់ អធ្យាស្រ័យអត់ធ្មត់ ចំពោះការរំខានដោយសំលេង ឬហុយដីជាដើម និងចូលរួមថែរក្សា សមិទ្ធផលទាំងនេះ អោយបានគង់វង់ ជាប្រយោជន៍ដល់ ការប្រើប្រាស់ បានយូអង្វែង ។
ដោយពិធីបណ្យសមុទ្រជុំទី១០ លើទី៣នៅខេត្តកែប ដែលនិងចូល មកដល់នាថ្ងៃទី១-ទី២ និងទី៣ខាងមុខនេះ ឯកឧត្តមបណ្ឌិតអភិបាល ខេត្តក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែល រស់នៅខេត្តកែបទាំងអស់ ចូលរួមរៀបចំសោភណភាព នៅតាមផ្ទះសំបែង របស់ខ្លួនអោយបានល្អ ដើម្បីទទួលភ្ញៀវទេសចរណ៍ មកពីគ្រប់ប្រទេស រយៈពេលបីថ្ងៃនេះ ដើម្បីលើកកម្ពស់កិត្តិយស ប្រជាជនទូទាំងខេត្តកែបផងដែរ៕ ដោយលោក សេង ណារិទ្ធ