(ខេត្តកែប)៖ នៅថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញ មកលេងកំសាន្តតាមនៅរមណីដ្ឋាននានាទូទាំងខេត្ត មានចំនួនសរុបចំនួន ៣៧,២៨៦នាក់ ក្នុងនោះភ្ញៀវ ជាតិ ៣៦,៩៦៤នាក់ និងភ្ញៀវបរទេសចំនួន ៣២២នាក់ ។
ដោយឡែកសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ មានភ្ញៀវទេសចរមកសម្រាក លំហែសរុប ចំនួន១៨,៧៣៣ នាក់។ ចំពោះស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ទូទៅក្នុងរមណីយដ្ឋានខេត្តកែប មានភាពល្អប្រសេីរ ។ នេះបើតាមការលើកឡេីងរបស់ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។
លោកប្រធានមន្ទីរ ទេសចរណ៍ខេត្តកែប បានអោយដឹងផងដែរថា ក្រោមការបង្អុរបង្ហាញ ប្រកបដោយភាពវៃឆ្លាត ពីប្រមុខដឹកខេត្តកែប គឺ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប ដោយជានិច្ចកាល ឯកឧត្តម បានជំរុញដល់មន្ទីរ ស្ថាប័ននានា អោយចូលរួមសហការ អនុវត្តន៍តាមតួនាទីភារកិច្ច ពិសេសកិច្ចការពារ ពង្រឹងសន្តិសុខក្នុង ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីធានាសុវត្ថិភាពដល់បងប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានមកសំរាក លំហែ កំសាន្ត នៅក្នុងតំបន់រមណីយដ្ឋាន ខេត្តកែបរបស់យើង។
បើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ដែរថា ក្នុងរដូវបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ខេត្តកែបទទួលបានសុខ សុវត្ថិភាពល្អប្រសើរ គ្មានបញ្ហាណាមួយកើតឡើងគួរអោយកត់សំគាល់ឡើយ។ម្យ៉ាងទៀតក្រុមអ្នកទេសចរបានធ្វើដំណើរដោយរលូន គ្មានករណីកកស្ទះចរាចរនោះទេ ព្រោះដងផ្លូវសំខាន់ៗ ជាច្រើនក្នុងរមណីយដ្ឋានខេត្តកែប ត្រូវបានស្ថាបនា និងពង្រីកយ៉ាងធំទូលាយ។
ចំពោះកត្តាអនាម័យ ផ្នែកជំនាញពុះពារប្រមូល ដឹកសំរាម និងកាកសំណល់ រាវ រឹង បានទាន់ពេលវេលា ដោយមិនទុកបង្អាក់យូរ នាំបង្កការរំខានដល់ក្រុ មអ្នកទេសចរជាតិ និងអន្តរជាតិនោះឡើយ៕ ដោយលោក សេង ណារិទ្ធ