(ខេត្តកំពត)៖ ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលបានរងគ្រោះ ដោយសារខ្យល់ កន្ទ្រាក់កាលពីពេលថ្មីនេះ ត្រូវបានក្រុមការងារ អនុសាខាកាកបាទ ក្រហមស្រុកទឹកឈូនាំ យកអំណោយសង្គ្រោះ ទៅប្រគល់ជូន កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសសំណេះសំណាល លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធានកិត្តិយស អនុសាខាកាកបាទ ក្រហមស្រុកទឹកឈូ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីថ្នាក់ ដឹកនាំកាកបាទ ក្រហមទាំងអស់ ដែលជានិច្ចកាលថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ តែងគិតគូរដល់ ទុក្ខលំបាករបស់ បងប្អូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសគិតគូរដល់ចាស់ជរា ក្មេងកំព្រា ជនពិការ។
លោកអភិបាលស្រុក បានបញ្ជាក់ថាប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់ កន្ទ្រាក់អំឡុងពេលថ្មីៗ នេះមានចំនួន ១៤ គ្រួសារ ដែលមកពីឃុំចំនួន២ គឺឃុំកូនសត្វ និងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឳកាសនោះដែរ លោក អ៉ឹម ច័ន្ទសោធន អភិបាល្រុក ក៏បាននាំយកអំណោយ របស់អនុសាខា កាកបាទក្រហមស្រុក ជូនដល់គ្រួសារ ដែលរងគ្រោះនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងថវិកា ៥ម៉ឺនរៀល៕ ដោយលោក សេង ណារិទ្ធ