ស្ទឹងត្រែងៈឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី១៧វិច្ឆកា២០២៣នេះបានអញ្ជើញជាអធិបតីក្នុងការប្រកាសបើកពិធី ប្រណាំងទូកងក្នុងខេត្តស្ទឹងត្រែងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាលក្រុង អភិបាលស្រុក ព្រមទាំងកម្លាំងប្រដាប់វុធទាំងបីប្រភេទផងដែរ។
ថ្លែងនៅក្នុងពិធីប្រកាសបើកអោយដំណើរការប្រណាំងទូកង ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំយើងតែងតែប្រារព្ធពិធីនេះមិនដែលខកខាន។ ដោយឡែកនៅក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះ ការរៀបចំពិធីប្រណាំងទូក ក៏ជាការបង្ហាញអំពីប្រពៃណីទំនៀមទម្លាប់របស់យើងដែលមានតាំងពីយូរណាស់មកហើយ ជាពិសេសដែលរដ្ឋបាលខេត្ត ចាប់អារម្មណ៍បំផុតនោះគឺខេត្តស្ទឹងត្រែងរបស់យើងក៏បានរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំមក។
ឯកឧត្តមបន្តថា ពិតណាស់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ គឺជាប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរលុង ហើយក៏ជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ បញ្ជាក់អំពីប្រពៃណីជាតិខ្មែរ ដែលបុព្វបុរសក៏ដូចជាចាស់ព្រឹទ្ធាចារ្យ របស់យើងបានគោរព និងជំនឿសាសនានេះ តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឆ្នាំនេះក្រោយពេលប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់មក ជាពិសេសប្រទេសជាតិរបស់យើងបានឆ្លងផុតអំពីផលប៉ះពាល់ជាវិជ្ជមានដោយសារជំងឺកូវីដ១៩។ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧នេះ ក៏បានចាត់តាំងរៀបចំនូវកម្មវិធីបុណ្យប្រពៃណីជាតិរបស់យើងទៅតាមប្រពៃណីទំនៀមទម្លាប់របស់យើងឡើងវិញ ដើម្បីបញ្ជាក់អំពីប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍ បង្កបរិយាកាសទៅដល់ប្រជាពលរដ្ឋរបស់យើង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ។
សូមបញ្ជាក់ថា ពិធីប្រណាំងទូក “ង” ក្នុងខេត្តស្ទឹងត្រែង ធ្វើឡើងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ហើយពិធីនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕SN