(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តម ក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។
សម្តេចអគ្គមហាពញាចក្រី បានអបអរសាទរចំពោះ ឯកឧត្តម ង្វៀន មិញវូ ដែលត្រូវបានបក្ស និងរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម តែងតាំងជាឯក អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេច ជឿជាក់ថា បេសកកម្មរបស់ឯក ឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។
បន្ថែមពីនេះ សម្តេច បានអបអរសាទរចំពោះ ជោគជ័យនៃកំណែទម្រង់ថ្មីៗ របស់វៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលនឹងធ្វើឱ្យប្រជាជនវៀតណាម កាន់តែទទួលបានការអភិវឌ្ឍ និងជឿនលឿន ជាបន្តបន្ទាប់។
ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងកា រគួរសមក្នុងឱកាសនេះ និងបានអបអរសាទរចំពោះ សមិទ្ធផលដ៏ធំធេងរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ បានយ៉ាងឆាប់រហ័ស ជាពិសេសគឺការ រក្សាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង។
ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានឹង សម្រេចបាននូវ គោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូល ខ្ពស់ក្នុងឆ្នាំ២០៥០។
ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបសម្តេច អគ្គមហាពញាចក្រី អំពីស្ថានភាពនៃការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមវៀតណាម ជាពិសេសគឺការធ្វើ កំណែទម្រង់ដ៏ធំធេង របស់សាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីឈានទៅ សម្រេចបាននូវការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់ តែមានប្រសិទ្ធភាព និងឆាប់រហ័សថែមទៀត ឈានទៅក្លាយជា ប្រទេសដែលមាន ចំណូលខ្ពស់ក្នុងឆ្នាំ២០៤៥។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអណរគុណចំពោះសម្តេច ក្នុងនាមជាឥស្សរជន ជាន់ខ្ពស់មួយរូប ដែលបានខិតខំកសាង និងពូនជ្រុំទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរនាពេលកន្លងមក និងគោរពស្នើសុំការគាំទ្រពីសម្តេច ចំពោះបេសកកម្មការ ទូតថ្មីរបស់ឯកឧត្តម ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធនេះ កាត់តែប្រសើរឡើងថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និងជូនពរចំពោះ បេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន មិញវូ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ និងបានផ្តាំផ្ញើការ សួរសុខទុក្ខជូនថ្នាក់ដឹក នាំវៀតណាម មានឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស ឯកឧត្តម លឿង កឿង ប្រធានរដ្ឋ ឯកឧត្តម ជាម ម៉ិញជិញ នាយករដ្ឋមន្រ្តី និងឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋ សង្គមនិយមវៀតណាមផងដែរ៕