(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានលើកឡើងថា បឹងទន្លេសាប គឺជាបឹងធម្មជាតិទឹកសាប ដ៏ធំជាងគេបំផុតនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាអាងស្តុកទឹកធម្មជាតិ ដ៏ធំមួយដែលជួយកាត់បន្ថយ ទឹកជំនន់នៅតំបន់ខ្សែ ទឹកខាងក្រោមនៃទន្លេមេគង្គ ជាឋបនីយជីវ មណ្ឌលដ៏មានសារៈសំខាន់ ដែលជួយគាំពារជីវៈចម្រុះច្រើនប្រភេទ ជាជង្រុកស្បៀងដែលទ្រទ្រង់ សង្គម-សេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិទាំងមូល និងជាមជ្ឈមណ្ឌលវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់អ្នកស្រុក។
ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខ ទឹកក្នុងអាងទន្លេសាប នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ ប្រធានអាជ្ញាធរទន្លេសាខាងលើ បានគូសរំលេចថា សក្តានុពលដ៏ធំសម្បើមនៃតំបន់ទន្លេសាប បានជំរុញឱ្យប្រទេសកម្ពុជាបង្កើត បាននូវសមិទ្ធផលជាតិសំខាន់ៗរួមមាន មច្ឆជាតិ ធារាសាស្រ្ត និងទេសចរណ៍ ដែលរួមចំណែក ក្នុងការលើកកម្ពស់ ផលិតភាពកសិកម្ម និងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ហើយដែលត្រូវរួមគ្នា ការពារឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមអនុសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «យើងត្រូវរួមគ្នាការពារតំបន់ទន្លេសាប ដែលជាអត្តសញ្ញាណ របស់ជាតិយើង ដើម្បីជាប្រយោជន៍ដល់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស» ។
ឯកឧត្តមរដ្ឋមន្ត្រីបាន បង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះនឹង ក្លាយជាវេទិកាពិភាក្សារវាង អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវបច្ចេកទេស បែបវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីទទួលបាន ធាតុចូលដ៏សំខាន់ ក្នុងការដោះសា្រយនូវ រាល់បញ្ហាស្មុគស្មាញដែល ទាក់ទងនឹងអាងទន្លេសាប សំដៅជំរុញដល់ការគ្រប់គ្រង ធនធានទឹកនៅតំបន់ទន្លេសាប ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិសុខទឹក និងបង្កើនភាពធន់ របស់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ក្នុងបរិបទនៃការអភិវឌ្ឍ និងកំណើនសម្ពាធពី សកម្មភាពនានារបស់មនុស្ស និងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាប់ពាក់ព័ន្ធជាមួយ វិសាលភាពនៃបឹងធម្មជាតិ ដ៏សំខាន់នេះ៕