រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច បញ្ជាក់ជូនអង្គការ Care For Children នូវការប្តេជ្ញាចិត្ត និងវឌ្ឍនភាពសំខាន់ៗ នៃការធ្វើកំណែ ទម្រង់ការថែទាំជំនួស ចំពោះកុមារនៅកម្ពុជា

(ភ្នំពេញ)៖ នាថ្ងៃច័ន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបជាមួយលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិ ព្រមទាំងក្រុមប្រឹក្សាភិបាល នៃអង្គការ Care For Children ដើម្បីពិភាក្សាការអនុវត្តគម្រោង «អភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា» ដើម្បីចូលរួមកំណែទម្រង់ការថែទាំ ជំនួសចំពោះកុមារនៅកម្ពុជា ដោយការធ្វើសមាហរណកម្ម កុមារចេញពីមណ្ឌលថែទាំ ការលើកកម្ពស់ការថែទាំ កុមារក្នុងគ្រួសារ និងការពង្រឹងសមត្ថភាព ផ្ដល់សេវាកិច្ចការពារកុមារ នៃកម្លាំងសេវាសង្គម។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គការ Care For Children ចំពោះភាពជាដៃគូដ៏ល្អ និងការចូលរួមចំណែកជាមួយក្រសួង ក្នុងការជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ តាមរយៈការអនុវត្តគម្រោង “អភិវឌ្ឍការទុក ដាក់កុមារក្នុងគ្រួសារនៅកម្ពុជា” រយៈពេល ៣ឆ្នាំកន្លងមក។

ឯកឧត្តមក៏បានគូស បញ្ជាក់បន្ថែមអំពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពសំខាន់ៗ នៃការធ្វើកំណែទម្រង់ការថែទាំជំនួសចំពោះកុមារនៅកម្ពុជា ដោយដាក់ចេញនូវអាទិភាព ការធ្វើសមារណកម្មកុមារ ចេញពីមណ្ឌលថែទាំ ការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារ និងការពង្រឹងសមត្ថភាព កម្លាំងសេវាសង្គម ផ្តល់សេវាកិច្ចការពារកុមារ។

លោកប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ Care for Children បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់ការអនុវត្តសកម្មភាព ការងារកន្លងមក។ ក្រុមប្រឹក្សាភិបាល សូមគាំទ្រដល់អង្គការ Care for Children ក្នុងការពង្រីកសកម្មភាព ការងាររបស់ខ្លួនទៅកាន់ខេត្ត គោលដៅថ្មីបន្ថែមទៀត។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ លោកបណ្ឌិតនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល ដែលបានអញ្ជើញ និងគាំទ្រដល់គណៈប្រតិភូមកបំពេញ ទស្សនកិច្ចការងារនៅ ទីក្រុងឡុងដ៍នាពេលនេះ។

ក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានចំណាយ ពេលវេលាដ៏មមារញឹក អញ្ជើញមកបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស ហើយរំពឹងថា គណៈប្រតិភូនឹងទទួល បាននូវបទពិសោធន៍ថ្មីៗ បន្ថែមទៀតអំពីការអនុវត្ត ការងារថែទាំកុមារនៅក្នុងគ្រួសារ និងការផ្តល់សេវាកិច្ច ការពារកុមាររបស់កម្លាំងសេវាសង្គម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *