(ភ្នំពេញ)៖ លោកបណ្ឌិត Salah Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែង ជាមួយនឹងតំណាងនៃ កុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណា ឲ្យការធ្វើវិនិយោគ ពាណិជ្ជកម្មអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍រវាង ប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង ១១មានការរីកចម្រើន បន្ថែមទៀតជាពិសេស លោកនឹងខិតខំប្រឹងប្រែង ក្នុងការទាក់ទាញអ្នកវិនិយោគ ក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត។
នេះយោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេសដឹកនាំដោយ លោកបណ្ឌិត សាឡា អ៉ីសា(Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា។
លោក Salah Essa ក៏បានសរសើរដែរ ពីលក្ខណៈអំណោយ ផលរបស់ប្រទេសកម្ពុជា ដែលមានកត្តាសុខសន្តិភាព ក្រោមការដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន កន្លងទៅ និងបន្តដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងរីកការកចម្រើន និងកត្តាសន្តិសុខល្អប្រសើរថែមទៀត ដែលអំណោយផល នៃបណ្ដាប្រទេសទាំង១១ មកទស្សនានៅក្នុងប្រទេសកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀតដែរ។
ឆ្លៀតនាឱកាសនោះ សម្ដេចតេជោ បានរំលេចអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាជាមួយនឹង ប្រទេសទាំង១១ ជាពិសេសគឺផ្ដោត ទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេស ទាំងនោះឲ្យមានការកើនឡើងបន្ថែមទៀត ដែលជាការចង់បាន របស់ប្រទេសកម្ពុជា។
សម្ដេចតេជោក៏ចង់ ឲ្យប្រទេសទាំង១១នោះ គឺជួយបន្ថែមទៀត ដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះបណ្ដាលនូវធនធានខួរក្បាល គឺសំដៅទៅលើ ធនធានមនុស្សរបស់ ប្រទេសកម្ពុជាឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណអ្នកចំពោះលោក Salah Essa ក៏ដូចជាតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ផ្សេងទៀតដែលបាន វាយតម្លៃដោយសុទិដ្ឋិយម ចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើន របស់ប្រទេសកម្ពុជា រួមទាំងកត្តាសន្តិសុខផងដែរ។
សម្ដេចបានវាយតម្លៃខ្ពស់ចំពោះ ការលើកឡើងរបស់ប្រតិភូ កុងស៊ុលកិត្តិយស ដែលបានជួបសម្ដេច នៅក្នុងឱកាសនេះ ហើយសម្ដេចបាន មានប្រសាសន៍ថា កម្ពុជារង់ចាំធ្វើការជា មួយនឹងបណ្ដាស្ថាប័ន ក៏ដូចជាបណ្ដានៃប្រទេសទាំង១១នោះ ដើម្បីធ្វើយ៉ាងណា ជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឲ្យកាន់ តែល្អប្រសើរនៅក្នុង ក្របខណ្ឌរវាងកម្ពុជា ជាមួយនឹងបណ្តាប្រទេសទាំង១១៕