ខេត្តកំពត: កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥បានស្រាវជ្រាវតាមជំនាញ ដោយបានកំណត់មុខសញ្ញាជនសង្ស័យ ក្នុងករណីឃាតកម្មប្លន់ សម្លាប់ស្ត្រីម្នាក់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ដោយជនសង្ស័យបានវាយសម្លាប់ជនរងគ្រោះឈ្មោះ អឹម ទូច ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ។
ចំពោះករណីនេះ ក្រោយពីវាយសម្លាប់ ជនសង្ស័យបានប្រមូលសម្ភារៈជនរងគ្រោះរួមមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាស ទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន១តម្លឹង និងខ្សែ ក ប្លាទីន ទម្ងន់៣ជី រួចគេចខ្លួនបាត់។
បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើតែម្តង។
សម្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវកម្លាំងស្រាវជ្រាវ ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី។ ជនសង្ស័យខាងលើមានឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុខ្លួនបានទៅរួមរ័ក្សជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនក៏យកដំបងវាយទៅលើជនរងគ្រោះបណ្តាលស្លាប់ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយៈ សេង ណារិទ្ធ