(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារក្រុមហ៊ុនជា សារ៉ន ដើម្បីជម្រាបជូនយន្តការដោះស្រាយបន្ត ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងបរិវេណ វត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្រោយពីបានដោះ ស្រាយនៅវត្តឈូក ដើម្បីដាក់ក្រុមហ៊ុនជា សារ៉ន នៅក្នុងយន្តការច្បាប់ និងបានដំណើរការ យន្តការតាមប្រព័ន្ធច្បាប់។ តុលាការក៏បានបង្កកទ្រព្យ និងបានឃាត់ខ្លួនជួរថ្នាក់ដឹកនាំក្រុមហ៊ុនផងដែរ។ ហើយដោយមានការយក ចិត្តទុកដាក់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយនិងឯកឧត្តម លាង សំណាត់ ប្រធានសាលាដំបូងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងនោះ បានសហការគ្នា ទប់ស្កាត់បានទាន់ពេលវេលា តាមនិតិវិធីច្បាប់។
ក្រោយពីតុលាការបានស្រាវជ្រាវ ត្រួតពិនិត្យទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន ជាសារ៉ន និងទទួលបានលទ្ធផល សព្វគ្រប់ហើយនោះ ក្រសួងក៏បានធ្វើរបាយការណ៍ គោរពជូនទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក្នុងយន្តការនៃការដោះស្រាយផងដែរ។ សម្តេចក៏បានចារឲ្យក្រសួងយុត្តិធម៌ អាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធមុខការ ហើយក៏បានសម្រចនូវយន្តការ ដោះស្រាយចំនួន៣នៅថ្ងៃនេះ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទិញដីតូបពីក្រុមហ៊ុន ជា សារ៉ន រៀលធី ព្រមទងអ្នកដែលបាន បង់លុយគ្រប់ចំនួន និងអ្នកមិនទាន់បង់លុយគ្រប់ សូមប្រញាប់់មកដាក់ពាក្យ ស្នើសុំកាត់ឈ្មោះ ចាប់ពីថ្ងៃចន្ទ ទី១០ ខែកុម្ភ: ឆ្នាំ២០២៥ នេះតទៅ នៅសាលាខេត្តកំពត ដោយភ្ជាប់មកជាមួយនូវកន្ទុយសន្លឹកបង់ប្រាក់ផង ហើយពាក្យស្នើសុំ ក្រុមការងារនឹងចែក ជូននៅទីតាំងទទួលពាក្យ (អគារមហាជន) នៃសាលាខេត្តកំពត។
គួររំលឹកថាសំណុំរឿងក្រុមហ៊ុន ជា សារ៉ន រៀលធី ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ រងគ្រោះជាង៥ពាន់គ្រួសារ ហើយសាលាដំបូងខេត្តកំពត នៅថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសសម្រេច ១.បង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៩៥គណនី។ ២. បង្កកអចលនវត្ថុ(ដី)ចំនួន១.៧៩១ក្បាលដី និង ៣.បានសម្រេចឃុំខ្លួនជន ត្រូវចោទចំនួន១០នាក់ ផងដែរ៕ សេង ណារិទ្ធ