រដ្ឋមន្ត្រីក្រសួងដែនដីជំរុញឲ្យគ្រប់ភាគីចូលរួមរៀបចំ និងអភិវឌ្ឍតំបន់ឆ្នេរឲ្យកាន់តែស្អាតនិងទាក់ទាញ

(ខេត្តកំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ខេត្តតំបន់ឆ្នេរទាំងបួនរបស់កម្ពុជា មានសក្តានុពលខ្លាំងណាស់ ក្នុងការជំរុញដល់សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តាមរយៈលំហូរភ្ញៀវទេសចរ និងទាក់ទាញអ្នក វិនិយោគលើវិស័យផ្សេងៗ។ ឯកឧត្តមស្នើដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់សូម នាំគ្នាចូលរួមរៀបចំ និងអភិវឌ្ឍន៍តំបន់ឆ្នេរ ឲ្យកាន់តែស្អាត និងទាក់ទាញបន្ថែមទៀត។

ថ្លែងនៅក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ ឆ្នេរខ្សាច់កម្សាន្តស្អាត និងព្រែកកម្សាន្តស្អាត, ស្នាដៃរចនាគម្រោងប្លង់ នគរូបនីយកម្មតំបន់ ឆ្នេរសមុទ្រកម្ពុជា និង វីដេអូខ្លី ស្តីពី“មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត” ដែលបានធ្វើឡើង នៅឆ្នេរកោះស្មៅ ស្រុកទឺកឈូ ខេត្តកំពត នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ ឆ្នេរសមុទ្រកម្ពុជា បានលើកឡើងថា បន្ទាប់ពីកម្ពុជាមាន ឯករាជ្យជាតិ មានសុខសន្តិភាព បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត សម្តេចផ្តោតសំខាន់ទៅលើការងារអភិវឌ្ឍន៍ ដោយបានដាក់នូវ បាវចនាចំនួន៥គឺៈ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមបន្តថាខេត្ត តំបន់ឆ្នេរទាំងបួន របស់កម្ពុជា ជាខេត្តដែលមាន សក្តានុពលខ្លាំង ដែលអាចជួយជំរុញ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិតាមរយៈ លំហូរភ្ញៀវទេសចរ និងការទាក់ទាញអ្នក វិនិយោគផ្សេងៗ ព្រោះមានទាំងកំពង់ផែ និងព្រលានយន្តហោះ។ ឯកឧត្តមបានលើកទឹកចិត្ត គ្រប់ភាគីចូលរួមរៀបចំ និងអភិវឌ្ឍន៍តំបន់ឆ្នេរ ឲ្យកាន់តែស្អាត ហើយទាក់ទាញទេសចរ និងអ្នកវិនិយោគថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីបានរំលេចដែរថា ខេត្តកំពតជាខេត្តជាប់តំបន់ ឆ្នេរតារារះទិសនិតី ដែលទាក់ទាញភ្ញៀវទេសចរ ច្រើនជាងគេរបស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាម ព្រោះខេត្តកំពតអាចឲ្យភ្ញៀវ គ្រប់កម្រិតមកដើរកម្សាន្តបាន រមណីយដ្ឋានទាក់ទាញច្រើន កន្លែងស្នាក់នៅស្អាត ម្ហូបអាហារ មានតម្លៃសមរម្យ ហើយនៅជិតរាជធានីភ្នំពេញទៀតផង។ ហើយឯកឧត្តមនឹងជួយជំរុញបន្ថែម នៅតាមតំបន់សហគមន៍ នេសាទ ឲ្យអាចទទួលភ្ញៀវ ទេសចរបានកាន់តែច្រើន។

នៅក្នុងពិធីនោះដែរ ខេត្តកំពតទទួលជ័យលាភី ឆ្នេរកម្សាន្តស្អាតចំនួន៣លើ៣ ទី១.ឆ្នេរថ្មីកំពង់បាយក្រុងកំពត ទី២. ឆ្នេរកោះស្មៅស្រុកទឹកឈូ និងទី៣. ឆ្នេរស្ពានរថភ្លើង កំពង់បាយក្រុងកំពត ចំពោះព្រែកជ័យលាភីមាន៣ដែរ ទី១. ព្រែកក្បាលរមាស ស្រុកទឺកឈូ ទី២.ព្រែកសហគមន៍ នេសាទព្រែកត្នោត ក្រុងបូកគោ និងទី៣.ព្រែកសហគមន៍ទេសចរណ៍ ត្រពាំងសង្កែស្រុកទឹកឈូ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *