(ខេត្តកែប)៖ រូបសំណាក ដែលមានកម្ពស់៥.៧ម៉ែត្រ រចនាឡើងពីថ្មភ្នំ ក្រុមការងារជំនាញ បានចំណាយពេលជាង ២២,០០០ម៉ោង ដើម្បីផ្គុំបំណែកថ្មចំនួន ២,២៤០ដុំ ឲ្យចេញជារូបរាង្គឡើង ដោយរូបសំណាកនេះ ត្រូវបានហៅថា អាណាចក្រផ្កាថ្ម។ រូបសំណាកនេះ ជាតឹកតាងមួយបញ្ជាក់ ពីសក្តានុពលខេត្តតំបន់ សមុទ្រកម្ពុជាពិសេសខេត្តកែប ដែលមានសក្តានុពល គ្រប់គ្រាន់សម្រាប់វិស័យ ទេសចរណ៍ទាំងលើគោក និងក្នុងបាតសមុទ្រ។
រូបសំណាកនេះ សម្ពោធជាផ្លូវការនារ សៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលមានទីតាំង នៅតាមបណ្តោយ ឆ្នេរតេជោសន្តិភាពខេត្តកែប ផ្លូវចូលកែបវេស ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រូបសំណាក អាណាចក្រផ្កាថ្ម នេះជាស្នាដៃស្ថាបត្យករដែលបង្កប់ទៅដោយសិល្បៈ ហើយនេះជាផលិតផល ទេសចរណ៍ដ៏ទាក់ទាញមួយ ដែលយើងរួមគ្នាសម្រេចបាន និងដាក់តាំងបង្ហាញតាម តំបន់សមុទ្រកម្ពុជារបស់យើង។
ឯកឧត្តមបញ្ជាក់ថា ផ្កាថ្មមានដុះច្រើននៅតាម បណ្តាកោះនៃខេត្ត តំបន់សមុទ្រកម្ពុជា ហើយសមុទ្រកែបក៏ សម្បួរដែរ ហើយនេះជាសក្តានុពល ទេសចរណ៍ដ៏ ទាក់ទាញមួយដែរ។
លោក ជេហ្វ មូន (Jef Moons) ម្ចាស់រូបសំណាក អាណាចក្រផ្កាថ្ម លើកឡើងថា ជាមួយក្តីសង្ឃឹម អាណាចក្រផ្កាថ្ម នឹងទាក់ទាញភ្ញៀវទេសចរ មកពីគ្រប់ទិសទីអោយ ចូលមកលេងកម្សាន្តខេត្តកែប។
លោកបញ្ជាក់ថា យើងកំពុងសំលឹង មើលទៅថ្ងៃអនាគត ជាមួយគម្រោងដ៏គួរអោយរំភើបមួយ ដែលផ្តោតលើវិចិត្រសាលសមុទ្រកែប ជាសារមន្ទីរក្រោមទឹក ដ៏មានសក្តានុពល ក្នុងភាពជាដៃគូជាមួយ អង្គការអភិរក្សសមុទ្រ កម្ពុជា(MCC)៕ សេង ណារិទ្ធ