លោកសាស្រ្តាចារ្យ តាត សុវណ្ណ ត្រូវបានប្រកាសចូលកាន់តំណែងជា នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងជំនួសលោកសាស្ត្រាចារ្យ តឹក ឡេងស៊ឺ ដែលត្រូវចូលនិវត្តន៍!

ខេត្តស្ទឹងត្រែង៖ ឯកឧត្តមសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី ១០ ខែមករាឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់តំណែងលោកសាស្ត្រាចារ្យ តាត សុវណ្ណ ជានាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងថ្មីជំនួសលោកសាស្ត្រាចារ្យ តឹក ឡេងស៊ឺ ដែលត្រូវបានចូលនិវត្តន៍។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានចូលរួមអបអរសាទរផងដែរចំពោះលោក តាត សុវណ្ណ ដែលត្រូវបានក្រសួងសុខាភិបាលផ្តល់ការទុកចិត្តតែងតាំងជានាយកសាលាសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគស្ទឹងត្រែង ។

ឯកឧត្តមបន្តថា ការតែងតាំងនេះសមស្របទៅតាមនឹងសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់លោកចាប់តាំងពីជានិស្សិតរហូតបានក្លាយជាមន្ត្រីសុខាភិបាល ។ទន្ទឹមនេះសូមឲ្យលោកនាយកសាលាថ្មីដែលទើបចូលកាន់មុខតំណែងត្រូវខិតខំប្រឹងប្រែងរក្សាបាននូវអ្វីដែលជាវឌ្ឍនភាពរបស់សាលា និងត្រូវមានសាមគ្គីភាពគ្នា ការរួបរួមគ្នា ដើម្បីឲ្យអង្គភាពយើងមានកេរ្តិ៍ឈ្មោះល្អ រួមចំណែកឲ្យខេត្តមានការអភិវឌ្ឍ ទទួលបានការកោតសរសើ តាមរយៈចំណេះជំនាញដែលលោកធ្លាប់ទទួលបាន។ 

ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះលោក សាស្ត្រចារ្យ តឹក ឡេងស៊ឺ អតីតៈនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដែលលោកសាស្ត្រាចារ្យបានរួមចំណែកក្នុងការបង្កើនធនធានមនុស្សក្នុងវិស័យសុខាភិបាល និងបានបន្សល់នូវ ស្នាដៃ និងការខិតខំប្រឹងប្រែងជាច្រើន អំឡុងពេលលោកទទួលភារកិច្ចផងដែរ។

ឯកឧត្តមសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោក លោកស្រី សាស្ត្រាចារ្យ និងមន្រ្តី គ្រប់ជាន់ថ្នាក់ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដែលកន្លងមកបានសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់នូវពុទ្ធិ ចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗជូនដល់ក្មួយៗ ដើម្បីយកទៅបម្រើវិជ្ជាជីវៈខាងផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋនាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោកនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងដែលទើបត្រូវបានតែងតាំងនាពេលនេះត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន បន្តពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត,ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយគណ:គ្រប់គ្រងសាលា សាស្រ្តាចារ្យ សំដៅលើកស្ទួយកិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឲ្យបានល្អប្រសើរ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *