អាជ្ញាធរខេត្តកំពត អំពាវនាវឲ្យមានការចូលរួម បង្ការទប់ស្កាត់អំពើជួញដូរ មនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់

(ខេត្តកំពត)៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា អំពើជួញដូរមនុស្ស ជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយផ្លូវចិត្ត រហូតដល់អាយុជីវិត មនុស្សក្មេងចាស់ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ និងឈានទៅដល់ការ បំផ្លាញដំណើរការអភិវឌ្ឍន៍សង្គមជាតិ។ ហើយការបង្ការទប់ស្កាត់ ជាអាទិភាពចម្បង ក្នុងការអនុវត្តសកម្មភាព ការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទាមទាឲ្យមាន ការចូលរួមទាំងអស់គ្នា។

មានប្រសាសន៍ក្នុង ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤  ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគ្គសម័យឌីជិថល” ដែលបានរៀបចំឡើងនៅសាលបូកគោ ខេត្តកំពតនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មុយ វីរ័ត្ន អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ថា បច្ចុប្បន្នដោយសាររបបគំហើញ នៃយុគ្គសម័យបច្ចេកវិទ្យាឌីជិថល ពិសេសនៅលើបណ្តាញទំនាក់ទំនងសង្គម បានជះផលវិជ្ជមាន និងអវិជ្ជមានដល់សង្គម  បង្កើតឲ្យមានបទល្មើសអនឡាញ ក្នុងនោះមានករណីឆបោក ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ និងការជួញដូរមនុស្សជាដើម ដោយប្រើធម្យោបាយផ្សេងៗជាច្រើន។

ដើម្បីកាត់បន្ថយ និងចូលរួមលប់បំបាត់បទល្មើសអនឡាញ ពិសេសការជួញដូរ មនុស្សគ្រប់ទម្រង់ កម្ពុជាមានយុទ្ធនាការធំៗចំនួន២ គឺអន្តរសាសនាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលតែងរៀបចំនៅថ្ងៃទី២០ ខែសីហា និងទិវា១២ ធ្នូ នៃការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជ្រាបការយល់ដឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សនិស្សិត យុវជន អាជ្ញាធរ មន្ត្រីពាក់ព័ន្ធឲ្យចូលរួម ទប់ស្កាត់ទាំងអស់គ្នា ព្រោះអំពើជួញដូរមនុស្ស ជាបទល្មើសដ៏សាហាវ បំផ្លាញសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយ ផ្លូវចិត្ត រហូតដល់អាយុជីវិត មនុស្សក្មេងចាស់ ប្រុសស្រី ដោយមធ្យោបាយផ្សេងៗ។

លោកជំទាវបានសង្កត់ធ្ងន់ថា អាជ្ញាធរ មន្ទីរ អង្គភាពជុំវិញខេត្ត បានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទារទោស និងការពារប្រជាជន និងជនបរទេសមកស្នាក់នៅកម្ពុជា ក៏ដូចជាខេត្តកំពត ឲ្យមានសុវត្ថិភាព រួចផុតពីការជួញដូរមនុស្ស បន្តបោសសម្អាតមិនឲ្យ ជនល្មើសយកទឹកដីកម្ពុជា ជាជម្រកនៃឧក្រិដ្ឋកម្មបានឡើយ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *