(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការបិទបញ្ជីចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍ បូកសរុបការអនុវត្ត ចំណូលចំណាយ ថវិកាថ្នាក់ជាតិឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប និងមានការអញ្ញើញចូលរួម ពីលោកប្រធានមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកលោកស្រី ប្រធានគណនេយ្យករមន្ទីរជំនាញ ផងដែរ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប។
តាមរបាយការណ៍លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត បញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណធ្វើឲ្យបណ្ដាមន្ទីរជំនាញអនុវត្តថវិកាកម្មវិធីបានរលូន ទាន់ពេលវេលា ត្រឹមត្រូវ សមស្រប តាមច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៤ និងផ្អែកតាមមូលដ្ឋាននៃច្បាប់ អនុក្រឹត្យ និងប្រកាសស្ដីពី ការប្រគល់កាតព្វកិច្ច ប្រមូលចំណូល ថវិកាថ្នាក់ជាតិ ប្រកាសបែងចែកឥណទាន ចំណាយថវិកាផ្ទៃក្នុង តាមជំពូក តាមគណនី និងអនុគណនីសម្រាប់ថវិកាកម្មវិធី មានដំណើការប្រកប ដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព សម្រេចបានជោគជ័យនូវសមិទ្ធិផល និងបន្តធានាឲ្យបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយ គុណភាពបរិយាប័ន្ន។
លោកប្រធានមន្ទីរបានបន្ដថា ដើម្បីអនុវត្តគោលដៅថវិកាឆ្នាំ២០២៤-២០២៥ ត្រូវបន្ដឈរលើគោលការណ៏គ្រឹះជាយុទ្ធសាស្ត្រសំខានចំនួន៤ ដែលរួមមាន៖ ១.ធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៥%, ២. ធានាឱ្យបាននូវស្ថិ រភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រង បាននូវអត្រាអតិផរណា និងការធានាស្ថិរភាពអត្រាប្ដូរប្រាក់ និងស្ថិរភាព ហិរញ្ញវត្ថុទូទៅ, ៣.បន្ដអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលឆ្លើយតប នឹងសេចក្ដីត្រូវការរបស់ប្រជាជន, ៤.ផ្តល់ការលើកទឹកចិត្តដល់ក្រសួងស្ថាប័ន ណាដែលសម្រេច បានសមិទ្ធកម្មល្អ ។
ក្នុងឱកាសបើកកិច្ចប្រជុំនោះ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត បានកោតសរសើរ ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីសម្របសម្រួល តាមដាន ជំរុញ និងកិច្ចសហការឲ្យបណ្ដាមន្ទីរជំនាញ ទាំងអស់អនុវត្តថវិកាកម្មវិធី បានទាន់ពេលវេលា ត្រឹមត្រូវ សមស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសម្រេច បានតាមគោលបំណង គោលនយោបាយរបស់ ក្រសួង-ស្ថាប័ននីមួយៗ ។
លោកអភិបាលរងបន្ដថា ក្រុមការងារថវិកា ត្រូវខិតខំធានាឲប្រាកដថា ទាំងធនធាន និងសកម្មភាពការងារទាំងអស់របស់ មន្ទីរអង្គភាពសាម៉ី ត្រូវមាននៅក្នុងផែនការយុទ្ធសាស្ត្រថវិកា ផែនការលទ្ធកម្ម ផែនការរជ្ជទេយ្យបុរេប្រទាន សំដៅធានាគ្រប់ សកម្មភាពទ្រទ្រង់ដោយថវិកា ពិតប្រាកដរបស់អង្គភាពរៀងៗខ្លួន ព្រមទាំងធានាបាននូវតុល្យភាពនៃការអនុវត្តថវិកា ហើយឆ្លើយតបបានជាអតិបរមា ទៅនឹងគោលបំណង គោលនយោបាយ និងរវាងកម្មវិធីដែលបាន រៀបចំនៅក្នុងផែនការ យុទ្ធសាស្ត្រថវិកា និងផែនការវិនិយោគបីឆ្នាំរំកិលខេត្ត។
ជាថ្មីម្តងទៀត លោកអភិបាលរងខេត្ត ក៏បានស្នើដល់លោកប្រធានមន្ទីរ និងសហការីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បន្ដផ្សព្វផ្សាយលម្អិតនូវសារាចរណែនាំលេខៈ០១១សហវ.អថ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៏បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤៕ ដោយលោក សេង ណារិទ្ធ