ខេត្តស្ទឹងត្រែង៖វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ រៀប ចំដោយរដ្ឋបាលខេត្តស្ទឹងត្រែងមានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត។
ឃុំសង្កាត់ចំនួន៣ ក្រុង ស្រុកចំនួន៣ មន្ទីរអង្គភាពចំនួន៩ និងអង្គការដៃគូរអភិវឌ្ឍន៍ចំនួន៣ បានធ្វើបទអន្តរាគមន៍ គោលលបំណងពិគ្រោះពិភាក្សាដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញបញ្ហាប្រឈម សំណើរ សំណូមពរដែលបានស្នើសុំអន្តរាគមន៍ដោះស្រាយមករដ្ឋបាលខេត្ត សរុបចំនួន៨១ ក្នុងនោះស្នើដោយរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន៤២ និងស្នើដោយរដ្ឋបាលក្រុងសរុបចំនួន៣៩ បញ្ហាប្រឈម សំណើ និងសំណូមពរដែលលើកឡើងដោយរដ្ឋបាលខេត្តសរុបចំនួន១២។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍សង្ឃឹមថា៖ ការរៀបចំវេទិកាថ្នាក់នេះ និងរួមចំណែកជាមួយរាជ រដ្ឋាភិបាលដើម្បីធានាថា ដំណើរការកំណែទម្រង់នេះបានបោះជំហ៊ានទៅមុខប្រកបដោយវិជ្ជមាន មានការចូលរួម ការគាំទ្រ និងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នារៀបចំនិងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន កាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាព និងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមានយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃយ៉ាងច្បាស់លាស់ ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធលើកិច្ចការកំណែទម្រង់នេះត្រូវបានលើកឡើង និងបានកំណត់នូវវិធានការជាក់លក្ខសំរាប់ដោះស្រាយតាមលំដាប់នៃថ្នាក់រដ្ឋបាលនិមួយៗ ទាំងនៅថ្នាក់ខេត្ត ក្រុងស្រុក និងឃុំ សង្កាត់។
ឯកឧត្តម សរ សុពត្រា បានបន្តវាយតំលៃខ្ពស់ចំពោះកិច្ចដំណើរការរួមនៃអង្គវេទិកាដែលបានប្រព្រឹត្តទៅបានយ៉ាងល្អប្រសើ។ ដោយវេទិកានេះ ត្រូវពិនិត្យ និងសំរិតសំរាំងបែងចែកឱ្យបានច្បាស់លាស់នូវបញ្ហាប្រឈម ដែលបានកើតឡើង និងដោះស្រាយដោយឃុំសង្កាត់ បញ្ហាដែលបានកើតឡើងនៅក្រុងស្រុក និងបញ្ហាប្រឈមនានាដែលស្នើឡើងដោយរដ្ឋបាលឃុំ សង្កាត់ គឺរដ្ឋបាលក្រុងស្រុក និងរដ្ឋបាលខេត្ត សំរាប់រៀបចំអនុវត្តចាត់ចែងតាមថ្នាក់រដ្ឋបាលក្នុងខេត្តពិនិត្យពិភាក្សានិងដោះស្រាយនិងស្នើសុំអន្តរាគមន៍ទៅក្រសួងស្ថាបនថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមថា ជាការពិតណាស់ ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ កន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា៕SamNeang