ខេត្តស្ទឹងត្រែង៖ នៅទូទាំងខេត្តស្ទឹងត្រែង មានបេក្ខជន ១ពាន់៥៤នាក់ ក្នុងចំណោមនោះ មានស្រី ៥៧៤នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ខណៈការប្រឡងបាន និងកំពុងប្រព្រឹត្តនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ប្រកបដោយភាពល្អប្រសើរ។
នាយករងរដ្ឋបាលខេត្តស្ទឹងត្រែងលោក ម៉ែន គង់ បានឱ្យដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តស្ទឹងត្រែងសម័យប្រឡងថ្ងៃទី៨-៩ឆ្នាំ២០២៤ មានបេក្ខជនចូលរួមប្រឡង សរុប ១ពាន់៥៤នាក់ ស្រី ៥៧៤នាក់ មានមណ្ឌលប្រឡង ចំនួន២ ៖ ១.មណ្ឌលប្រលងព្រះរាជបូជនីយកិច្ច ថ្នាក់វិទ្យាសាស្ត្រ មានចំនួន០៦បន្ទប់ មានបេក្ខជន ១៤៧នាក់ ស្រី១០៣នាក់ ,២.មណ្ឌលប្រឡងគរុសកោសល្យភូមិភាគឥសានស្ទឹងត្រែង ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៣៧បន្ទប់ មានបេក្ខជន៩០៧នាក់ ស្រី៤៧១នាក់ ។លោកបន្តថាសម្រាប់ថ្ងៃទី១នៃការប្រលងនេះមានបេក្ខជនអត្តមានចំនួន១៦នាក់ក្នុងនោះស្វ័យរិន១២នាក់មិនបានមកប្រលងនោះទេ។
លោកនាយករងបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ មិនខុសគ្នានឹងឆ្នាំមុនៗនោះទេ បេក្ខជន បេក្ខនារីទាំងអស់ បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡង ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីគណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជន បេក្ខនារីទាំងអស់ មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា ដែលបានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡង នៅមណ្ឌលប្រឡងគរុកោសល្យភូមិភាគឥសានខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃអង្គារទី៨តុលានេះ បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ មានន័យថា អ្នកចេះ គឺជាប់៕SAMNEANG