(ខេត្តកំពត)៖ ដើម្បីថែរក្សានូវវប្បធម៌ជាតិ ក៏ដូចជាអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលស្រុកទឹកឈូ បានរៀបចំពិធីជួបជុំវេចនំអន្សមខ្មែរ ដែលពិធីនេះបាន ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក អ៉ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានលើកឡើងថានេះ ជាការផ្ដួចផ្ដើមពីគំនិត របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានសាបព្រោះ នូវវប្បធម៌ជួបជុំ ពលរដ្ឋ មន្ត្រីរាជការ យុវជន វេចនំអន្សមខ្មែរ ដើម្បីថែវប្បធម៌ជាតិ នាពេលកន្លងមក។
ប្រជាពលរដ្ឋដែលមាន អាជីពជាអ្នកវេចនំ អន្សមេជាច្រើននាក់ រស់នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងការមកចូលរួមជួយវេចនំ និងបង្រៀនដល់ក្មេងៗ ជំនាន់ក្រោយផងដែរ ព្រោះថាក្មេងស្រីៗឥឡូវ ភាគច្រើនមិនចេះវេច នំអន្សមនោះឡើយ។
ក្រុមយុវជនស្រុកទឹកឈូ បានលើកឡើងថា ពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិ ជាឱកាសល្អសម្រាប់ពួកគេ បានមកជួបគ្នា ស្គាល់គ្នា រៀនវេចនំអន្សមជាមួយគ្នា ពិសេសបានបង្កើនភាពស្និទស្នាល ជាមួយមន្ត្រីរាជការ សាលាស្រុកទៀតផង ហើយពួកគេបានអគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ និងសម្តេចធីបតី ដែលបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូត មកដល់សព្វថ្ងៃ។
លោកស្រី តាន់ គឹមហុង ប្រធានកិត្តិយស អនុសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកទឹកឈូ តំណាងឲ្យស្វាមី ដែលជាអភិបាលស្រុក បានបញ្ជាក់ដែរថា ការរៀបចំពិធីវេចនំអន្សមខ្មែរ ថែវប្បធម្មជាតិនេះឡើង ដើម្បីឲ្យក្មេងៗជំនាន់ក្រោយ មានឱកាសរៀនវេចនំ ជាមួយបងប្អូន មីងមា ចាស់ទុំក្នុងស្រុក បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងចូលរួមថែរក្សាប្រពៃណី វេចនំសន្សមខ្មែរ សម្រាប់ពិធីបុណ្យភ្ជុំ។
សម្រាប់ពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិនៅស្រុកទឹកឈូ វេចនំនស្សមចេក និងអន្សមជ្រូកបានជាង ៥០០ដុំ ហើយការវេចនំ អន្សមនេះសម្រាប់ហូប ជុំគ្នានៅសាលាស្រុកទឹកឈូ និងមួយចំនួនទៀត សម្រាប់យកទៅប្រគេន ព្រះសង្ឃក្នុងទីវត្តអារាមនានា៕ ដោយលោក សេង ណារិទ្ធ