នាយករដ្ឋមន្ដ្រី ៖ ការចាកចេញពី CLV-DTA របស់កម្ពុជា ដើម្បីបញ្ចប់ក្តីកង្វល់ និងជម្លោះរវាងខ្មែរ និងខ្មែរ

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការចាកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់ កម្ពុជា គឺដើម្បីបញ្ចប់ក្តីកង្វល់ និងជម្លោះរវាងខ្មែរ និងខ្មែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី បានបញ្ជាក់ថា ការចាកចេញពីកិច្ច សហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់ កម្ពុជា គឺដើម្បីបញ្ចប់ក្តីកង្វល់ និងជម្លោះរវាងខ្មែរនិងខ្មែរ ប៉ុន្តែការចាកចេញនេះ មិនមែនជាការបញ្ឈប់ការអភិវឌ្ឍ នៅតំបន់ភូមិភាគឦសាននោះឡើយ ហើយក៏មិនបញ្ចប់កិច្ច សហប្រតិបត្តិការនានា រវាងប្រទេសកម្ពុជា និងប្រទេស ជិតខាងនោះដែរ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រី ក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ប្រមុខការទូតកម្ពុជា បានលើកឡើងក្នុងលិខិតថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។

ការសម្រេចបញ្ចប់ការចូលរួមក្នុង CLV-DTA ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗ មួយចំនួនទៀត ក្នុងបំណងដើម្បីដោះស្រាយ កង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *