សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ ឱ្យអធិកអធម

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ និងអធិកអធម។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញានេះ បានឲ្យដឹងថា ដើម្បីប្រារព្ធព្រះរាជពិធី នេះដោយជោគជ័យ សម្តេចធិបតី បានណែនាំឱ្យ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបាន ល្អដើម្បីទាក់ទាញ ទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះ​ សម្តេចធិបតី បានលើកទឹកចិត្តដល់បណ្តាខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំ ព្រឹត្តិការណ៍ប្តូរវេន គ្នាដើម្បីបង្កើតផលិតផល ទេសចរណ៍ឱ្យបានច្រើន ដើម្បីក្រុមហ៊ុនទេសចរណ៍ អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។ ទន្ទឹមគ្នានោះសម្តេចធិបតី ក៏បានណែនាំឱ្យរៀបចំអង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *