(ភ្នំពេញ)៖ ការចេញមុខ និងការធ្វើសកម្មភាពប្រឆាំងដោយផ្ទាល់ទៅនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បណ្តាលឱ្យមនុស្សមួយចំនួននៅក្នុងប្រទេស ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះសំណាងល្អបានរួចខ្លួនវិញដោយត្រឹមសមត្ថកិច្ចអប់រំ ខណៈអ្នកខ្លះទៀត ត្រូវបាននាំខ្លួនទៅឃុំ ដើម្បីបន្តនីតិវិធីច្បាប់។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃ ចេញនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា មានមនុស្សដល់ទៅ «១៨៨នាក់» ត្រូវឃាត់ដំណើរ និងទប់ស្កាត់ ហើយអាជ្ញាធរអប់រំណែនាំ និងបានអនុញ្ញាតឱ្យ «វិលត្រឡប់ទៅផ្ទះវិញ»។ ចំណែកមនុស្ស៥៧នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនសាកសួរព័ត៌មាន បន្ទាប់មកអាជ្ញាធរអប់រំណែនាំ និងតម្រូវឱ្យធ្វើកិច្ចសន្យា (បញ្ឈប់សកម្មភាព)។
ក្រសួងមហាផ្ទៃ បន្តថា «មានតែមេបណ្តាញមួយចំនួនតូចប៉ុណ្ណោះ» ដែលត្រូវបានបញ្ជូនទៅតុលាការជាមួយភស្តុតាង ដើម្បីអនុវត្តតាមច្បាប់។
ជុំវិញការរក្សាទុកមេបណ្តាញនេះ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ដូច្នេះថា៖ «មួយចំនួនទៀត មិនអាចអប់រំណែនាំបានទេ ដោយសារមានភស្តុតាងស៊ីចង្វាក់ធ្ងន់ធ្ងរ ដែលត្រូវបន្តនីតិវិធីទៅកាន់តុលាការ»។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃដដែល ភស្តុតាង ដែលអាជ្ញាធរចាប់បាន មានឧបករណ៍ សម្ភារ និងអាវុធផ្សេងៗ «ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត»។
ក្រសួងមហាផ្ទៃ អះអាងថា អាជ្ញាធរ ថែមទាំងមានសារសំឡេង ដែលបញ្ជា និងញុះញង់ឱ្យប្រើហិង្សាទៀតផង។ សារសំឡេងទាំងនោះ ក៏ត្រូវបានអាជ្ញាធរយកធ្វើជាភស្តុតាង សម្រាប់ដាក់បន្ទុកលើមេបណ្តាញទាំងនោះផងដែរ។
អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ មិនមែនគ្រាន់តែមានឈ្មោះថា ជាអ្នកតវ៉ានឹងគម្រោង CLV ប៉ុណ្ណឹងទេ ក្រសួងមហាផ្ទៃ បានហៅពួកជនទាំងនោះថា ជាក្រុមជ្រុលនិយម ដែលបន្តអនុវត្តផែនការល្មើសច្បាប់ និងធ្វើសកម្មភាពគ្រប់មធ្យោបាយ «ដើម្បីចូលកាន់កាប់រាជធានីភ្នំពេញ»។
ក្រសួងមហាផ្ទៃ ប្រកាសថា ការបរាជ័យរបស់អ្នកទាំងនោះ កើតចេញពីការអនុវត្តផែនការសន្តិសុខរបស់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ កាលពីថ្ងៃទី២៩ ខែសីហា សភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍មួយ រិះគន់រាជរដ្ឋាភិបាលកម្ពុជាអំពីការចាប់ខ្លួនមនុស្ស ដែលតវ៉ារឿងគម្រោង CLV។ ស្ថាប័នបរទេស ដែលតែងរិះគន់រដ្ឋាភិបាលតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានចាត់ទុកការចាប់មនុស្សដែលរិះគន់គម្រោង CLV ថា ជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ភ្លាមៗគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបវិញតាមរយៈសេចក្តីបំភ្លឺ ដែលចេញកាលពីថ្ងៃទី២ ខែកញ្ញាថា ការចាប់ខ្លួនមនុស្សទាំងនោះ គឺផ្អែកលើភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន។ មិនអាចប្រកែកបាននូវត្រង់ថា គឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសង្កត់ធ្ងន់ថា អ្នកទាំងនោះ បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបំណងញុះញង់ឱ្យមហាជនធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដូច្នេះ អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួននោះទេ ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបកស្រាយបន្ថែមទៀតថា កម្ពុជា នៅតែប្រកាន់ខ្ជាប់ពហុនិយម ប្រជាធិបតេយ្យ និងការលើកកម្ពស់សិទ្ធិមនុស្ស៕