ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍន៍ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពង្រីកការវិនយោគថ្មីៗ បន្ថែមទៀតនៅកម្ពុជា..!

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរ ចំពោះភាពលេច ធ្លោរនៃការវិនិយោគផ្នែក ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគ បន្ថែមទៀតនៅកម្ពុជា។

ក្នុងឱកាស អនុញ្ញាតជូនលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុន សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួល ដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួប សម្ដែងការគួរសម នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា  បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលផ្លូវនិង ស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុន បានចូលរួមអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១ មក។

ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយ មនុស្សធម៌ប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដោយបរិចាគប្រាក់ ចំនួន ១លាន ៣សែនដុល្លារ ដល់រាជរដ្ឋាភិបាល និងកាក្របាទក្រហមកម្ពុជា និងចូលរួមគាំទ្រថវិកា ដល់មន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេស សាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់ អាហារូបករណ៍ជា ច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជា។

ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនអំពី គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល សក្ដានុពលនៃច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើវិមជ្ឈការ ផ្ទេរសិទ្ធិសម្រេចគម្រោង វិនិយោគតម្លៃ ៥លានដុល្លារចុះ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្ដល់ឱកាស ពង្រីកសក្ដានុពលទាក់ទាញ គម្រោងវិនិយោគ នៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើក្រុមហ៊ុន ចិនចូលរួមផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍ របស់កម្ពុជា ទៅកាន់សាធារណជនចិន និងពិភពលោកផងដែរ។

លោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុន សាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោក និងសហការី បានចូលជួប សម្ដែងការគួរសម។ លោកអគ្គនាយក ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិតថា ក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន CRBC ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់សិន (CCCC) ដែលជាក្រុមហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅប្រទេសចិន ហើយក៏បានជាប់ ចំណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុន កំពូលទាំង៥០០ ក្នុងពិភពលោក។

លោក យ៉ាង ជៀ ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នូវជំនឿចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាលំនឹង សេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាសសន្តិសុខ ដែលធ្វើឱ្យក្រុមហ៊ុន របស់លោកមានភាព កក់ក្ដៅក្នុងការបោះ ជំហានពង្រីកការ វិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសគម្រោង សាងសង់ផ្លូវល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងក្រុងប៉ោយប៉ែតជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្នុងនាមសម្ដេច ក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា ដែលបានបរិច្ចាគជូនឯកឧត្តម នូវអង្ករ ចំនួន ២៥តោន មីចំនួន ២០០កេសធំ ជូនក្រុមក្រឡាហោម មនុស្សធម៌បាត់ដំបង នូវអង្ករ ចំនួន ១៥តោន មីចំនួន ១០០កេស និងជូនរដ្ឋបាលខេត្តព្រៃវែង នូវអង្ករចំនួន ១០តោន និងមី ចំនួន ១០០កេស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកជំនួយនេះថា ពិតជាមានសារៈសំខាន់ក្នុងការ ឆ្លើយតបនឹងតម្រូវការ ប្រជាពលរដ្ឋ  ពិសេសនារដូវ ទឹកជំនន់ខាងមុខនេះ និងសន្យាប្រើប្រាស់ ជំនួយនេះឱ្យចំគោលដៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *