ក្មេងទំនើង២នាក់ចេញ ដើរលេងពេលយប់ដាក់ កាំបិតកែច្នៃវែង មុតស្រួចតាមខ្លួន ត្រូវកំលាំងអាវុធហត្ថល្បាតឃាត់ខ្លួន ក្នុងក្រុងសិរីសោភ័ណ… 

(ខេត្តបន្ទាយមានជ័យ)៖មានក្មេងទំនើង២នាក់ ចេញដើរលេងនៅពេលយប់ បានដាក់ កាំបិតកែច្នៃវែង មុតស្រួចតាមខ្លួន១ដើម ត្រូវកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណ ចុះល្បាតឃាត់ខ្លួន រឿងរាវនេះកើតឡើងនៅ វេលាម៉ោង១យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្មេងទំនើងទាំង២នាក់ ១.ឈ្មោះ អាត អយ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ហ្វា ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី សុខ ឡេងបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅយប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២៤នោះ លោកបានដឹកនាំកំលាំងអាវុធហត្ថ ១ក្រុម ចុះល្បាតក្នុងក្រុងសិរីសោភ័ណ លុះល្បាតដល់ចំណុច ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញ ក្មេងទំនើង២នាក់ គួរឲ្យសង្ស័យ កំលាំងអាវុធហត្ថបាន ធ្វើការឃាត់សួនាំហើយ បានឆែកក្នុងខ្លួន រកឃើញវត្ថុតាង ១ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០០០ គ្មានផ្លាកលេខចំនួន១គ្រឿង ២កាំបិតកែច្នៃដងរុំស្កុតពណ៌ខ្មៅ ប្រវែងចំនួន៧២សង់ទីម៉ែត្រ ចំនួន១ដើម កម្លាំងអាវុធហត្ថបាននាំ មកកាន់មូលដ្ឋាន កងរាជអាវុធហត្ថ​ ក្រុងសិរីសោភ័ណដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី សុខ ឡេងបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាតាម សួរចម្លើយ ក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន លាក់ទុកកាំបិត១ដើមវែងមុត ដើម្បីការពារខ្លួនពេល ចេញដើរលេងនៅ ពេលយប់ពិតប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការបង្ក្រាក្មេងទំនើងទាំង២នាក់ ក្រោយពីបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ហើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *